(ភ្នំពេញ)៖ ទំព័រ Facebook របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធម៌O៣ ខេត្តព្រះសីហនុ ត្រូវបានជនខិលខូចលួច (Hacked) យកទៅគ្រប់គ្រង ហើយបានបង្ហោះព័ត៌មានវាយប្រហាររដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រួមនិងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
លោកឧកញ៉ា ទៀ វិចិត្រ តាមរយៈ Fresh News អំពាវនាវឲ្យសមត្ថកិច្ចតាមរកជនល្មើសលួចទំព័រ Facebook របស់លោកមកផ្តន្ទាទោសទៅតាមច្បាប់។ ឧកញ៉ា ទៀ វិចិត្រ ក៏សូមឲ្យសាធារណជនមេត្តាកុំមានការភ័ន្តច្រឡំ។
សូមបញ្ជាក់ថា បន្ទាប់ពីក្រសួងព័ត៌មានសម្រេចបិទស្ថានីយវិទ្យុមហានគរ របស់លោកស្រី ឈួន វេជ្ជនី និងស្ថានីយផ្សាយបន្តមួយចំនួនទៀត ដែលជួលម៉ោងឲ្យគណបក្សសង្រ្គោះជាតិ និងវិទ្យុអាស៊ីសេរីផ្សព្វផ្សាយព័ត៌មាននោះ មានការបង្ហោះព័ត៌មានវាយប្រហារលោក ខៀវ កាញារីទ្ធ ជាបន្តបន្ទាប់ដោយភ្ជាប់ជាមួយនឹងនារីម្នាក់ នៅក្នុងបន្ទប់ធ្វើការរបស់លោករដ្ឋមន្រ្តីផ្ទាល់តែម្តង។ ភាគច្រើននៃការបង្ហោះនេះ គឺពួកគេយកទំព័រ Facebook របស់អ្នកគាំទ្ររាជរដ្ឋាភិបាល ឬ មន្រ្តីរាជរដ្ឋាភិបាល ដែលពួកគេលួចបាន។
ទាំងលោករដ្ឋមន្រ្តី និង នារីជាម្ចាស់រូប បានចេញមកបកស្រាយបំភ្លឺជាបន្តបន្ទាប់។ លោក ខៀវ កាញារីទ្ធ បានបកស្រាយយ៉ាងដូច្នេះថា «ឃើញមានមិត្តជាច្រើនខ្វល់ខ្វាយ ការបង្ហោះរូបច្រើន ព្យាយាមសងសឹកការសំរេចចុងក្រោយរបស់ក្រសួង ។ សូមអរគុណចំពោះការខ្វាយខ្វល់នេះ តែសូមមិត្តទាំងអស់យល់ថា ខ្ញុំគោរពកន្លែងធ្វើការ ដែលគ្រឿងសក្ការៈទាំងអស់ជាអ្នកប្រោសព្រំខ្ញុំនិងមន្ត្រីក្រសួងទាំងមូល ហេតុនេះមិនផ្កាប់មុខរឿង តណ្ហានេះទេ។ ហើយម្យ៉ាងទៀត ក៏សូមជំរាបទៅ អ្នកប្រឹងមួលបង្កាច់ដោយយករូបនារីជាសិស្សស្លតត្រង់ម្នាក់ សូមគិតដល់បងស្រី ប្អូនស្រី ឫ ម្តាយរបស់ខ្លួនផងចុះ។ ចំពោះខ្ញុំគឺគ្មានអារម្មណ៍អីទាំងអស់ តុមូលខ្ញុំដាច់ខាតមិនក្លាយជាតុជ្រុងទេ»។
យុវតី ស៊ុន សម្រស់ បានបកស្រាយថា រវាងនាង និង លោក ខៀវ កាញារីទ្ធ ដែលមានរូបស្និទ្ធស្នាលនេះ គឺគាត់ជាឪពុកធម៌របស់នាង ហើយនាងចាត់ទុក គាត់ដូចជាឪពុកបង្កើត។
យុវតីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ នាងខ្ញុំគោរពគាត់ដូចជាឪពុកហើយ លោកពុកបានជួយដល់ក្មេងជាច្រើន ដែលជួបការខ្វះខាតទាំងប្រុសទាំងស្រី មិនថាចាស់ ឬក៏ក្មេងឡើយអាស្រ័យហេតុនេះ សូមបងប្អូនមេត្តាកុំយល់ច្រលំ ហើយនាងខ្ញុំសុំឱ្យលោក ស្រី ចំរើន ប្តឹងទៅនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បើយល់ថាផេកលោកត្រូវបានគេលួច»៕