(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រនេះ បានសម្រេចចុះហត្ថលេខាលើបទបញ្ជាមួយ ស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ​របបដឹកនាំរបៀបផ្តាច់ការរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Reutes នៅយប់ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ទីក្រុងវ៉ាស៊ីនតោនមិនអាចឈរឱបដៃនៅស្ងៀម ស្របពេលដែលប្រទេសវេណេស៊ុយអេឡា ឈាន​ទៅ​​រក​ក្តីអន្តរាយនោះឡើយ។ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បានថ្លែងថា «របបផ្តាច់ការរបស់លោក ម៉ាឌូរ៉ូ កំពុងតែបន្តធ្វើ​​ឲ្យ​​ប្រ​ជា​​ជន​វេណេស៊ុយអេឡា បាត់បង់ថ្នាំសង្កូវ និងស្បៀងអាហារ, ចាប់មេបក្សប្រឆាំងដាក់គុក»។

កាលពីខែកក្កដាកន្លងទៅ ក្រសួងរតនាគារជាតិអាមេរិក ទើបតែបានដាក់ទណ្ឌកម្មទៅលើលោក នីកូឡាស់ ម៉ាឌូរ៉ូ ផ្ទាល់តែប៉ុណ្ណោះ ក្រោមការចោទ​ប្រកាន់រដ្ឋាភិបាលរបស់លោកថា បានព្យាយាមបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យរួមទាំងនីតិរដ្ឋ នៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយនាពេលនោះ​រដ្ឋមន្រ្តី​រតនា​គារ​ជាតិអាមេរិកលោក Steven Mnuchin បានហៅលោក ម៉ាឌូរ៉ូ ថាជាមេដឹកនាំផ្តាច់ការ ដែលពុំខ្វល់ពីឆន្ទៈរបស់ពលរដ្ឋវេណេស៊ុយអេឡាឡើយ។ ការដាក់ទណ្ឌ​កម្ម​កាលនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ ដែលបានបង្កើតសភាធម្មនុញ្ញ ដើម្បីផ្តល់សិទ្ធអំណាចយ៉ាងសម្បើមដល់គណបក្ស​កាន់​អំណាចរបស់លោក ម៉ាឌូរ៉ូ ស្របពេលដែលប្រទេសជាច្រើនបានប្រកាសជាសាធារណៈថា ពួកគេនឹងមិនទទួលស្គាល់ស្ថាប័នច្បាប់នេះ ក៏ដូចជាលទ្ធផលនៃ​ការ​បោះ​ឆ្នោត​នោះ​ជាដាច់ខាត៕