(ភ្នំពេញ)៖ ពិនិត្យយូរៗទៅកាន់តែតាមទាន់ជាន់កែងមែន ចំពោះប្រទេសមហាអំណាចមួយលើពិភពលោក ដែលបាននឹងកំពុងធ្វើឲ្យខ្មែរមួយចំនួននិយមបរទេស នាំយកឥទ្ធិពលនយោបាយ (លទ្ធិ) លាបពណ៌ បំពុលដល់ប្រជាជនខ្មែរស្លូតត្រង់ ដើម្បីបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលទើបតែងើបផុតពីសង្គ្រាម។

អ្នកនយោបាយនៅកម្ពុជា នរណាក៏ដឹងដែរថា៖ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ធ្លាប់ទទួលរងនូវភ្នក់ភ្លើងសង្គ្រាមចាប់តាំងក្រោយរដ្ឋប្រហារកាលពីឆ្នាំ១៩៧០ បន្ទាប់ពីកម្ពុជាទើបតែបានងើបផុតពីការជិះជាន់របស់បរទេស នាឆ្នាំ១៩៥៣ ក្រោមព្រះរាជតំរិះរបស់សម្តេចព្រះនរោត្តមសីហនុ ដើម្បីបញ្ចប់ការត្រួតត្រា របស់បារាំងនៅកម្ពុជា។ សន្តិភាពនេះប្រជាជនកម្ពុជា ទើបតែទទួលបានមិនដល់២ទសវត្សផង (១៩៥៣-១៩៧០) ស្រាប់តែអ្នកនយោបាយខ្មែរនិយមបរទេស បានទៅពឹងអាមេរិក ធ្វើឲ្យខ្មែរបែកបាក់ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ក្រោមការដឹកនាំរដ្ឋប្រហាររបស់លន់ណុល នៃរបបសារធារណរដ្ឋ និងបន្តកើតមាននូវរបប ប្រល័យពូជសាសន៍។

ជាបន្តបន្ទាប់ប្រវត្តិសាស្រ្តខ្មែរ បានឆ្លងកាត់នូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងរទៅៗ នឹងបានឈានចំណុចសូន្យដែលនឹកស្មានមិនដល់ គឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។ ប្រទេសជាតិត្រូវបំផ្លាញទាំងស្រុង អាយុជីវិតប្រជាជនស្លូតត្រង់ និងធនធានមនុស្សដែលជាមូលគ្រឹះនៃការកសាងប្រទេស ត្រូវបានពួកប៉ុលពត ធ្វើទុក្ខទារុណកម្ម និងកាប់សំលាប់ចោលយ៉ាងព្រៃផ្សៃបំផុត ដែលពិភពលោកមិនធ្លាប់មាន។ នេះហើយជាស្នាដៃ នៃសារជាតិខ្មែរមួយចំនួនដែលនិយមទៅពឹង បរទេស និងនាំយកលទ្ធិនយោបាយរបស់បរទេស មកដឹកនាំកាន់កាប់អំណាចនៅកម្ពុជា ទីបំផុតកម្ពុជាគ្មានសល់អ្វីក្រៅពីសោកនាដកម្ម និងការខ្ទេចខ្ទាំ ក្លាយជាគំនរផេះផង់ ដែលត្រូវកសាងឡើងដោយខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះ។

ពេលនេះកម្ពុជាទទួលបានសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ តើមានអ្វីខុសឆ្គងទៀតឬ? តើពេលណាទើបខ្មែរចេះទទួលស្គាល់គំនិតប្រាជ្ញា និងស្នាដៃដែល កូនខ្មែរបានគិត និងបានធ្វើនោះ ? តើពេលណាទើបខ្មែរចេះផ្តល់ឱកាសឲ្យកូនខ្មែរបានគិត និងកសាងប្រទេសដោយឯង ដោយមិនពឹងផ្អែកលើគំនិតពួកបរទេស? តើពេលណាខ្មែរបញ្ឈប់ការប្រើប្រាស់គំនិតឈ្នានីស ញុះញង់ បំបែកបំបាក់ បង្កើតទំនាស់វណ្ណៈ អូសទាញឲ្យគេយល់ខុសដើម្បីខ្លួន កាន់អំណាចទាំងងងឹតងងល់នោះ?៕

ពីប្រជាពលរដ្ឋដែលស្រឡាញ់សន្តិភាព