(ប៉េកាំង)៖ ចិនពោពេញដោយក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបង្ហាញឥរិយាបថ ប្រកបដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នជាងមុន ចំពោះការធ្វើប្រតិបត្តិការនៃកងទ័ពជើងទឹករបស់ខ្លួន បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចំនួន០២ករណី ពាក់ព័ន្ធនឹងនាវាពិឃាតអាមេរិក បានកើតឡើងក្នុងអំឡុង ពេលប៉ុន្មានខែកន្លងទៅនេះ។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
លោកស្រី Hua បានថ្លែងថា «ថ្មីៗនេះ យើងបានកត់សម្គាល់ឃើញមាន សេចក្តីរាយការណ៍ព័ត៌មានជាច្រើន ស្តីពីគ្រោះថ្នាក់បង្កឡើងដោយសារ សកម្មភាពក៏ដូចជាប្រតិបត្តិការរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយកត្តានេះអាចបង្កការគំរាមកំហែងយ៉ាងខ្លាំង នៅក្នុងដែនទឹក ដែលប្រតិបត្តិការទាំងនោះ ប្រព្រឹត្តទៅ ខណៈយើងសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន នឹងមានភាពប្រាកដប្រជាជាងមុនចំពោះបញ្ហានេះ»។
សូមជម្រាបថា កាលពីម្សិលមិញនេះ មេបញ្ជាការនៃអង្គភាព US Seventh Fleet របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានដកចេញពីតំណែង ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ដ៏ប្រល័យជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងនាវាពិឃាតរបស់អង្គភាពជើងទឹកនេះ ដោយកាលពីថ្ងៃចន្ទកន្លងទៅ នាវាពិឃាត USS John S. McCain បានបុកគ្នាជាមួយនាវាដឹកប្រេងមួយគ្រឿង នៅក្បែរច្រកសមុទ្រ Malacca នៃប្រទេសសិង្ហបុរី ដែលបានបណ្តាលឲ្យនាវិកពីរនាក់ស្លាប់ និង០៨នាក់ទៀត កំពុងបន្តបាត់ខ្លួន។ ដោយឡែក កាលពីខែមិថុនា នាវិក០៧នាក់បានស្លាប់ នៅពេលដែលនាវាពិឃាតអាមេរិក Fitzgerald បានប៉ះទង្គិចគ្នាជាមួយកប៉ាល់ដឹកកុងទឺន័រមួយគ្រឿងនៅក្បែរប្រទេសជប៉ុន៕