(រ៉ង់ហ្គូន)៖ ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ជនជាតិដើមអ៊ីស្លាមរ៉ូហ៊ីងយ៉ា (Rohingya) ទៅលើមូលដ្ឋានរបស់កងកម្លាំងសន្តិសុខជាច្រើនកន្លែង នៅក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា នាថ្ងៃសុក្រនេះ​​ បានបណ្តាលឲ្យមនុស្សសរុប ចំនួន៧១នាក់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលមី​យ៉ាន់​​ម៉ា​ ដកស្រង់ដោយសារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា មូលដ្ឋានឈរជើងរបស់ប៉ូលិសច្រើនជាង២០ទីតាំង បានទទួលរងការវាយប្រហារ ពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែល​មានគ្នាប្រមាណជា១៥០នាក់ ដែលវាគឺជាអំពើហិង្សាដ៏អាក្រក់ជាងគេបំផុត នៅរដ្ឋ Rakhine ក្នុងអំឡុងពេលជាច្រើនខែកន្លង​ទៅនេះ ខណៈតំបន់នេះ​ជា​​រឿយៗ​​តែង​​តែ​បានជួបប្រទះការប៉ះទង្គិចគ្នា ជាច្រើនលើកច្រើនសា រវាងសហគមន៍អ៊ីស្លាមនិងពុទ្ធសាសនិក។ យោងតាមប្រភពដដែល ពលទាហានម្នាក់, មន្រ្តី​អន្តោ​ប្រវេសន៍​​ម្នាក់, មន្រ្តីប៉ូលិស១០នាក់, និងជនសកម្មប្រយុទ្ធចំនួន៥៩នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើ ត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធមានឈ្មោះថា Arakan Rohingya Salvation Army ហៅកាត់ ARSA ដែល​ធ្លាប់បាន​​បើកការវាយប្រហារស្រដៀងគ្នានេះ កាលពីខែតុលា ឆ្នាំ២០១៦ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែន ហើយបានបណ្តាលឲ្យមន្រ្តីប៉ូលិស ចំនួន០៩នាក់បាត់បង់ជីវិត​៕