(ភ្នំពេញ)៖ ជាថ្មីម្តងហើយ ម្ដងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃសុក្រនេះ បានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ចុះសម្របសម្រួលជាមួយម្ចាស់ផ្ទះ ឫម្ចាស់បន្ទប់ជួល ដើម្បីធ្វើយ៉ាងណាកុំឲ្យចេះតែដំឡើងថ្លៃ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមារបស់ កម្មករ និយោជិត នឹងបន្តកើនឡើង នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។
តាមរយៈសេចក្តីប្រកាសរបស់គណៈរដ្ឋមន្រ្តី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យ អាជ្ញាធររាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវសហការពិភាក្សាជាមួយម្ចាស់ផ្ទះ ឫបន្ទប់ជួល ដើម្បីកុំឲ្យតំឡើងថ្លៃឈ្នួលយ៉ាងតិចរយៈពេល២ឆ្នាំនេះ ក្នុងពេលដែលប្រាក់ឈ្នួលកម្មករត្រូវបានតំឡើង»។
ជាការកត់សំគាល់ ជារៀងរាល់ឆ្នាំ រាល់ពេលដែលប្រាក់ឈ្នួលកម្មករ និយោជិត ត្រូវបានដំឡើង មានសេចក្តីរាយការណ៍ពីកម្មករមកថា ម្ចាស់ផ្ទះជួល របស់ពួកគេ ក៏បានដំឡើងថ្លៃឈ្នួលផ្ទះរាល់ពេលផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា កាលពីឆ្នាំ២០១៥ កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការជួលផ្ទះ(ច្បាប់ស្តីពី ភតិសន្យាពិសេស) ដើម្បីការពារ ផលប្រយោជន៍សម្រាប់អ្នកជួល និងម្ចាស់ផ្ទះ។ ច្បាប់ថ្មីនេះបានកំណត់ថា ម្ចាស់ផ្ទះជួលផ្ទះទៅឱ្យកម្មករ និងសិស្សនិស្សិត មានសិទ្ធិដំឡើងថ្លៃផ្ទះ ក្នុងរយៈពេល២ឆ្នាំម្តងប៉ុណ្ណោះ មិនអាចដំឡើង បានគ្រប់ពេលនោះទេ៕