(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ Facebook ឈ្មោះ​ កូនខែ្មរបានទម្លាយឯកសារទៀតហើយ ពាក់ព័ន្ធនឹងអង្គការ CANVAS ជ្រកក្រោមស្លាក IRI ផ្តល់លុយ និងឧបាយកិច្ច ជួយគណបក្សសង្រ្គោះជាតិដើម្បីផ្តួលរំលំនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលទម្លាយនៅលើ Facebook កូនខ្មែរ៖

ក្រោមជំនួយឧបត្ថម្ភជាសម្ងាត់ពីអាមេរិក CANVAS ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមេដឹកនាំក្រុមចលនា OTPOR ឈ្មោះ Srdja Popovic បន្ទាប់ពីក្រុមចលនា OTPOR នេះបានផ្តួលរំលំមេដឹកនាំប្រទេស Serbia លោក Slobodan Milošević ក្នុងខែតុលា ឆ្នាំ២០០០។
CANVAS ក៏បានយកគំរូជោគជ័យនៅប្រទេស Serbia ទៅអនុវត្តនៅប្រទេសផ្សេងទៀតដូចជា បដិវត្តផ្កាកូលាបក្នុងប្រទេស Georgia ឆ្នាំ២០០៣ បដិវត្តពណ៌ទឹកក្រូចនៅប្រទេស Ukraine ឆ្នាំ២០០៤ និងបដិវត្តសេដា Cedar ក្នុងប្រទេស Lebanon កាលពីឆ្នាំ២០០៥ និងដឹកនាំធ្វើបដិវត្តពណ៌នៅប្រទេសមួយចំនួនទៀត នៅមជ្ឈឹមបូពា៍។

តាមការស្រាវជ្រាវពីបណ្តាញនៅតៃវ៉ាន់ អង្គការ CANVAS ត្រូវបន្តអនុវត្តនូវបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសទុយណេស៊ី លីបី ស៊ីរី និងកម្ពុជា។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ដើម្បីអនុវត្តផែនការក្នុងការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ គឺអង្គការ CANVAS ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា បានបញ្ច្រៀបមនុស្សជំនាញរបស់ខ្លួន ចូលមកកម្ពុជាក្រោមលេសពង្រឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែធាតុពិតគឺជាការរៀបចំអនុវត្តនូវគម្រោងការធ្វើបដិវត្តពណ៌ នៅពេលវេលាសមស្របណាមួយដែលពួកគេប្រមូលកម្លាំង និងចងបណ្តាញបានគ្រប់គ្រាន់។

ប្រភពបានបន្តរៀបរាប់ប្រាប់ថា ក្នុងចំណោមអង្គការទាំងនោះ លោក Jackson Cox ត្រូវបានអាមេរិកចាត់បញ្ជូនមកឱ្យធ្វើជា ប្រធាន IRI ប្រចាំនៅកម្ពុជា ក្នុងឆ្នាំ២០០៤។ គាត់ជាមនុស្សម្នាក់ដែលជាអ្នករៀបចំចាប់ផ្តើមធ្វើផែនការផ្តួលរំលំរដ្ឋាភិបាល ដោយមានការសហការជាមួយលោក កឹម សុខា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)។ Jackson Cox ធ្លាប់បានចូលរួមក្នុងក្បួនបាតុកម្មតវ៉ានានាជាច្រើនដែលរៀបចំដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)។

Jackson Cox ប្រធាន IRI និងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយអាមេរិក បានជ្រើសរើសយក កឹម សុខា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាមនុស្សម្នាក់សម្រាប់ធ្វើកិច្ចការនេះ។ ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្លាំងចំពោះលោក កឹម សុខា IRI ដែលមានលោក Jackson Cox ជាប្រធានក៏បានរៀបចំឱ្យកូនស្រីរបស់ កឹម សុខា គឺ កឹម មនោវិទ្យា និង កឹម សាមាធីតា ទៅរស់នៅ និងបន្តការសិក្សានៅអាមេរិក។

នៅឆ្នាំ២០០៦ IRI បានប្តូរប្រធានថ្មីដែលមកជំនួសដោយឈ្មោះ Lazar Antonic សញ្ជាតិស៊ែប៊ី ដែលមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅ និងដោយផ្ទាល់ជាមួយចលនា OTPOR ដែលបានបណ្តេញ Milosevic ចេញពីអំណាចក្នុងប្រទេសស៊ែប៊ី។ តាមរយៈការជួយជ្រោមជ្រែងរបស់ IRI និងសហរដ្ឋអាមេរិក កឹម សុខា បានលាលែងពីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងបានចាប់ផ្តើមបង្កើតគណបក្សសិទ្ធិមនុស្ស ក្នុងឆ្នាំ២០០៧។

បើទោះបីជាមានការផ្លាស់ប្តូរប្រធាន IRI ថ្មីប្រចាំកម្ពុជាពីមួយទៅមួយយ៉ាងណាក៏ដោយ ក៏នៅក្នុង IRI នៅតែមានវត្តមានមនុស្សពីរនាក់ជាប្រចាំ គឺ Jackson Cox (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៤-២០០៦) និង Lazar Antonic (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៦-២០០៧) ដើម្បីបន្តអនុវត្តនូវផែនការផ្តួល រំលំរដ្ឋាភិបាល ហ៊ុន សែន។ ជាក់ស្តែងគេបានឃើញមនុស្សទាំងពីរនាក់នេះនៅក្នុងប្រទេសកម្ពុជា កំឡុងពេលបាតុកម្មឆ្នាំ២០១៣។

នៅចុងខែសីហា ឆ្នាំ២០១៣ នៅស្នាក់ការកណ្តាល CNRP អង្គការ CANVAS បានបង្រៀនអ្នកដឹកនាំ និងសកម្មជន CNRP អំពី យុទ្ធសាស្រ្ត និងយុទ្ធវិធីធ្វើបាតុកម្ម និងកុប្បកម្មមុនការចាត់តាំងធ្វើបាតុកម្មទ្រង់ទ្រាយធំថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣។

CANVAS ដែលបានគិតគូរពីផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាជាយូរមកហើយ ដើម្បីជួយបក្សប្រឆាំងដោយជ្រកក្រោមស្លាក IRI បានវាយតម្លៃថា CNRP ត្រូវតែរួមគ្នា ដោយត្រូវប្រមែប្រមូលការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបន្ថែមទៀត ព្រោះខ្លួនមានជំនឿយ៉ាងមុតមាំថា CNRP នឹងមានឱកាសផ្តួលរំលំរដ្ឋាភិបាលបាន។ បណ្តាញស្រាវជ្រាវនៅក្រៅប្រទេសបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ CNRP ឈានទៅសម្រេចគោលដៅផ្តួលរំលំនេះ គឺនៅដើមខែមករា ឆ្នាំ២០១៥ CANVAS បានផ្តល់ថវិកាចំនួន ៣៩០០០០ដុល្លារអាមេរិក ដើម្បីជួយណែនាំ CNRP អំពីការរៀបចំផែនការ និងចាត់តាំងអនុវត្តនូវយុទ្ធសាស្រ្តក្នុងការសហការចងបណ្តាញ ជាមួយអង្គការសង្គមស៊ីវិល និងយុវជន។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ CANVAS បានដឹកនាំបញ្ជាផ្ទាល់ពីទីតាំងមួយកន្លែងក្បែរទីលានប្រជាធិបតេយ្យដល់មេដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិដើម្បីធ្វើបដិវត្តពណ៌ទម្លាក់រដ្ឋាភិបាល ហ៊ុន សែន ក្រោមលេសប្រឆាំងលទ្ធផលបោះឆ្នោត។

បណ្តាញស្រាវជ្រាវនៅក្រៅប្រទេសក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា ដើម្បីបន្តអនុវត្តនូវផែនការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន អតីតប្រធាន IRI លោក Jackson Cox និងលោក កឹម សុខា បានណាត់ជួបគ្នាជាសម្ងាត់ នៅទីក្រុងបាងកក កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដូចមានរូបថតជាភស្តុតាង៕