(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនដល់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍ សម្រាប់យកទៅរៀបចំប្រគុំតន្ត្រីជនពិការសប្បុរសធម៌ ក្រោមប្រធានបទ “ក្តីស្រឡាញ់របស់អ្នកគឺជាក្តីសង្ឃឹមរបស់ខ្ញុំ” ។

នៅក្នុងពិធីប្រគល់ថវិកាដល់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍នេះ លោកស្រី អគ្គលេខាធិការរងទី ១ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្មួយៗពិការ ជាមួយនឹងការផ្ដាំផ្ញើសួសុខទុក្ខនេះ សម្តេច ក៏សូមលើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ដល់ជនពិការគ្រប់ៗរូប ហើយសូមជូនពរឲ្យការប្រគុំតន្ត្រីនេះបានជោគជ័យ និងទទួលបានការគាំទ្រច្រើនពីសប្បុរសជន។

បន្ទាប់ពីទទួលបានថវិកាឧបត្ថម្ភ ៥លានរៀលរួចមក លោក អ៊ាង ចាន់ដារ៉ា តំណាងឲ្យអង្គការ បានថ្លែងអំណរគុណកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងបានគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់អង្គការរបស់លោកនាពេលកន្លងមក ហើយថវិកាដែលទទួលបានពីការឧបត្ថម្ភនៅពេលនេះនឹងយកទៅចាត់ចែងក្នុងកម្មវិធីប្រគុំតន្ត្រីជនពិការសប្បុរសធម៌លើកទី ៤ ក្នុងឆ្នាំ២០១៧ នេះ ដែលនឹងប្រារព្ធធ្វើនៅឆាកតន្ត្រីផ្សាររាត្រី រាជធានីភ្នំពេញ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ កម្មវិធីប្រគុំតន្ត្រីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិកាទ្រទ្រង់អង្គការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនពិការ ហើយការប្រគុំតន្រ្ដីនេះក៏ចង់បង្ហាញពីស្នាដៃសិល្បៈជាសាធារណៈ និងនាំយកនូវក្តីសង្ឃឹមថ្មីសម្រាប់ជនពិការនៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ធា្លប់បានឧបត្ថម្ភដល់កម្មវិធីប្រគុំតន្ត្រីជនពិការសប្បុរសធម៌នេះ និងបានផ្តល់អំណោយមនុស្សធម៌ជូនអង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍នេះ ចំនួន ៥លើករួចមកហើយ៕