(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ បានចេញមុខគាំទ្រនូវចំណាត់ការរបស់ ក្រសួងព័ត៌មានទៅលើស្ថាប័នព័ត៌មានដែលគ្មានអាជ្ញាបណ្ណ និងរំលោភកិច្ចសន្យានាថ្មីៗនេះ។ ជាមួយគ្នានេះអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថា ការរិះគន់អំពីចំណាត់ការរបស់ក្រសួងព័ត៌មាន ចំពោះករណីនេះ គឺជាការបំផ្លើសខុសការពិត។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្នកាលនេះកម្ពុជាទទួលនូវសម្ពោធ នៃព័ត៌មានទាំងបណ្ដាញសារព័ត៌មានប្រពៃណី ក៏ដូចជាបណ្ដាញ ព័ត៌មានសង្គម ដែលបានប្រឌិតប្លែកៗ ប្រាសចាកអំពីការពិត ពីអង្គហេតុ និងអង្គច្បាប់ នៃការទទួលខុសត្រូវរបស់ស្ថាប័នផលិត និងផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈ។

លោកបានបន្តទៀតថា «អ្វីដែលគេបានលើកឡើងរបស់បណ្តាញសារព័ត៌មានទាំងខេមរភាសា និងភាសាអន្តរជាតិ ក្នុងភាពអវិជ្ជមានលើចំណាត់ការ របស់ក្រសួងព័ត៌មាន គឺគ្រាន់តែសរសេរបំផ្លើសព័ត៌មានផ្សព្វផ្សាយពីការពិត នៃកាតព្វកិច្ចរបស់ខ្លួន ក្នុងការឆ្លើយតបពីច្បាប់តែប៉ុណ្ណោះ។ ខ្ញុំមិនអាចនៅស្ងៀមស្ងាត់ ក្នុងកិច្ចគោរព និងវាយតម្លៃខ្ពស់នៃការប្រឹងប្រែងរបស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាននេះបានឡើយ ខ្ញុំសូមគោរពវាយតម្លៃខ្ពស់ និងជូនពរ»

សូមបញ្ជាក់ថា នាថ្មីៗនេះក្រសួងព័ត៌មាន បានបញ្ចេញនូវចំណាត់ការក្តៅរបស់ខ្លួន ដោយបិទស្ថាប័នវិទ្យុមួយចំនួន ដែលបានរំលោភកិច្ចសន្យា និងការអនុញ្ញាតពីក្រសួង។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏ព្រមានបិទកាសែត Cambodia Daily ផងដែរ ក្នុងករណីមិនបំពេញកាត្វកិច្ចតាមការកំណត់ បន្ទាប់ពីមានការជូនដំណឹងពី អគ្គនាយកដ្ឋានពន្ធដារថា កាសែតបរទេសនេះ មិនបានបង់ពន្ធជូនកម្ពុជារយៈពេល១០ឆ្នាំមកហើយ៕