(ភ្នំពេញ)៖ ព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុអាក់ទីវភីភល ភីអិលស៊ី បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីស្នាក់ការកណ្តាលថ្មីរបស់ខ្លូនដែលមានអាសយដ្ឋាន ផ្ទះលេខ៨៨ ផ្លូវ ២១៤កែងផ្លូវ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញប្រកបដោយភាពជោគជ័យ ក្រោមអធិបតីភាពលោក រ័ត្ន សុវណ្ណនរៈអគ្គនាយកត្រួតពិនិត្យ នៃធគារជាតិនៃកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា។
ពិធីសម្ពោធនេះក៏មានការចូលរួមពីភ្ញៀវកិត្តិយសដ៏ទៃទៀតជាច្រើនរូបរួមមានតំណាងស្ថានទូតជប៉ុន លោកលោកស្រីជាអាជ្ញាធរជាប្រធាន និងតំណាងស្ថាប័ននានា រួមទាំងបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាក់ទីវភីភលភីអិលស៊ីសរុបប្រមាណ ៧០នាក់។
ថ្លែងក្នុងសន្ទរកថាបើកពិធីសម្ពោធ លោក TatsuhiroKURIHARA (ថាសឹហិរ៉ុ ខឹរីហារ៉ា)អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាក់ទីវភីភលភីអិលស៊ីបានមានប្រសាសន៍ថាអាក់ទីវភីភលបានទទួលអជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅខែសីហាឆ្នាំ២០១១ហើយរហូតមកដល់ខែសីហា ឆ្នាំ២០១៧នេះគឺជាខួបគម្រប់៦ឆ្នាំនៃប្រតិបត្តិការអាជីវកម្មប្រកបដោយសុវត្ថិភាពរបស់គ្រឹះស្ថាន។
បើត្រឡប់ទៅមើលលើស្ថានភាពកាលពីមុននៅប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីបានបង្កើតគ្រឹះស្ថានអាក់ទីវភីភលបានជួបការលំបាកជាច្រើនហើយក៏ទទួលបានយោបល់ល្អៗជាច្រើនពីធនាគារជាតិនៃកម្ពុជាផងដែរ។ជាការពិតណាស់ដែលថាដោយសារតែយោបល់ល្អៗទាំងនោះហើយទើបធ្វើឲ្យគ្រឹះស្ថានអាក់ទីវភីភលអាចបន្តប្រតិបត្តិការយ៉ាងរឹងមំារហូតមកដល់ពេលនេះ និងតទៅមុខទៀត។
បច្ចុប្បន្នដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនអាក់ទីវភីភលបានពង្រីកតំបន់ប្រតិបត្តិការចំនួន៦ សាខាខេត្ត ក្រុងដែលមានទីតាំងនៅ រាជធានីភ្នំពេញចំនួន៣ ខេត្តសៀមរាបចំនួន១ ខេត្តបាត់ដំបងចំនួន១ ខេត្តកំពង់ចាមចំនួន១និងមានបុគ្គលិកសរុបចំនួន២៩០នាក់ សម្រាប់បំរើសេវាជូនអតិថិជន។ហើយនៅចុងខែមិថុនាឆ្នាំ២០១៧នេះ ដោយយោងលើរបាយការណ៍របស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអាក់ទីវភីភល បានឈរនៅលើចំណាត់ថ្នាក់លេខ ៩ នៅក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជា។
វត្តមាននៃអគារទីស្នាក់ការកណ្តាលថ្មីនេះដែលមានទំហំធំជាងមុន១,៥ដង មានសោភ័ណភាពល្អជាងមុន ហើយផ្តល់នូវភាពងាយស្រួល និងផាសុកភាពដល់អតិថិជនច្រើនជាងមុនព្រោះអគារនេះត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារការិយាល័យដែលអាចធ្វើឲ្យបុគ្គលិកអាចធ្វើការបានយ៉ាងលឿននិងមានប្រសិទ្ធភាព។ អគារនេះមានតួនាទីយ៉ាងសំខាន់ដើម្បីឆ្លើយតបទៅនឹងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថាន។
ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាអាក់ទីវភីភល នឹងបន្តផ្តល់ជូននូវផលិតផលដែលឆ្លើយតបតាមតម្រូវការរបស់អតិថិជនបន្តរក្សានូវកន្លែងធ្វើការដែលធ្វើឲ្យជីវភាពរបស់បុគ្គលិកមានលំនឹងនិងសំរេចឲ្យបាននូវការខំប្រឹងប្រែងនានាដែលឆ្លើយតបនឹងក្តីសង្ឃឹមពីម្ចាស់ភាគហ៊ុន៕