(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ចេញសេចក្ដីថ្លែងការណ៍ ជុំវិញព្រឹត្តការណ៍នៃការគម្រាមបញ្ឈប់ដំណើរការអង្គភាព សារព័ត៌មាន និងការបញ្ឈប់ដំណើរការអង្គការមិនមែនរដ្ឋាភិបាល NDI ដោយស្នើឲ្យរដ្ឋាភិបាលពិចារណាដាក់ដំណើរការឡើងវិញ ចំណែកអ្នកនាំពាក្យគណបក្សកាន់ អំណាចអះអាងថា ទង្វើឈឺឆ្អាលនេះបង្ហាញពីទង្វើបក្សពួកគ្នាឯងយ៉ាងច្បាស់ក្រឡែត មិនខុសពីការលើកឡើងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ។

ជុំវិញបញ្ហានេះលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា «ឆ្ងល់ហេតុអ្វីគណបក្ស ប្រឆាំងឈឺឆ្អាល, កាលដែលគណបក្សប្រឆាំង សម្តែងការព្រួយបារម្ភចំពោះវិធានការណ៍បិទអង្គការខុសច្បាប់ NDI និងគំរាមបិទកាសែត Cambodia Daily ដែលល្មើលច្បាប់អត់បង់ពន្ធ, នោះគឺបង្ហាញ យ៉ាងច្បាស់ក្រឡែតថា គណបក្សប្រឆាំង និងអង្គការ NDI ព្រមទាំងស្ថាប័នព័ត៌មានមួយនេះមានទំនាក់ទំនង ជួយជ្រោមជ្រែង ដល់គណបក្សសង្រ្គោះជាតិ ដើម្បីជួយផ្តួលរំលំគណបក្សកាន់អំណាច, ព្រោះទង្វើព្រួយបារម្ភរបស់បក្សប្រឆាំងនេះដោយសារ គណបក្សប្រឆាំងខាតប្រយោជន៍របស់ខ្លួន»

អ្នកនាំពាក្យគណបក្សកាន់អំណាចដដែលរូបនោះបានបន្តអះអាងថា ការបិទអង្គការល្មើសច្បាប់ NDI និងស្ថាប័នព័ត៌មានបំពានច្បាប់កម្ពុជា (អត់បង់ពន្ធ) គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់សកម្មភាព វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយបណ្តេញបុគ្គលិកបរទេស នៃវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ សារព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី២៣ ខែសីហា។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា មូលដ្ឋានដែលឈានដល់ការសម្រេចឱ្យបិទវិទ្យាស្ថាននេះ គឺអនុលោមទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលនៅកម្ពុជា។ ក្រសួងអះអាងថា ចាប់តាំងពីច្បាប់នេះ ចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការនេះបានដាក់ពាក្យស្នើចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួង លើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តសកម្មភាពរបស់ខ្លួនដោយ គ្មានគិតគូរអំពីការគោរពច្បាប់សោះឡើយ៕