(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស លោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធទៅនឹងសំណុំរឿង ប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេស ជាពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទ។នេះបើយោងតាមមន្ដ្រីតុលាការ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិច។
មន្ដ្រីតុលាការបានបញ្ជាក់ទៀតថា ក្រោយប្រកាសសាលក្រមរួចមក តុលាការក៏បានប្រគល់វត្ថុតាងមួយចំនួនដូចជា រថយន្ដ និងកាំមេរ៉ាជាដើម ប្រគល់ជូនក្រុមគ្រួសារវិញ តែបន្ដរក្សាទុកនៅវត្ថុតាងដែលពាក់ព័ន្ធទៅនឹងបទល្មើស។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានទុកឲ្យជនជាប់ចោទដាក់ពាក្យបណ្ដឹងជំទាស់ ទៅសាលាឧទ្ធរណ៍ផងដែរ។
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះរួមមាន បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក ប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
នៅក្នុងសាររបស់ លោក សួន សេរីរដ្ឋា ដែលបង្ហោះលើ Facebook កាលពីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧ មានខ្លឹមសារយ៉ាងដូច្នេះថា «ពេលសង្គ្រាម កើតឡើងជាមួយ នឹង ប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗ ពាក់ផ្កាយ និង កូនលោកធំៗ ដែលនៅជួរក្រោយចេញមុខ ចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ» ។
សាររបស់ លោក សួន សេរីរដ្ឋា បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កងទ័ព និងមេបញ្ជាការកងទ័ពនៅទូទាំងប្រទេស ហើយពួកគាត់ចាត់ទុកថា ជាទង្វើមួយដែលមិនអាចអត់ឱនឱ្យបាន៕