(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបង្ហាញពីគម្រោងផែនការថ្មី សម្រាប់ប្រទេស អាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នបានក្លាយជាទីតាំងសម្រាប់ធ្វើសង្គ្រាមបង្ហូរឈាមមិនឈ្នះមិនចាញ់ អូសបន្លាយអស់រយៈពេល១៦ឆ្នាំមកនេះ។
រំលឹកដល់សង្រ្គាមនៅអាហ្វហ្គានីស្ថាន បានចាប់ផ្តើមដោយសារមហិច្ឆតាច្បាស់លាស់មួយ គឺដើម្បីបោសសម្អាតក្រុមអាល់កៃដា ដែលបានវាយប្រហារមហាអំណាច សហរដ្ឋអាមេរិក ដោយភេរវកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅនេះ និងទីពីរដើម្បីជីកឬសគល់នៃសម្បុករបស់ពួកតាលីបង់ ដែលជាក្រុមនាំមុខពួកអាល់កៃដា។
ការអន្តរាគមន៍របស់អាមេរិក អស់រយៈពេល១៦ឆ្នាំក្រោយមកនេះហាក់មិនបានផ្តល់លទ្ធផលអ្វីប្រសើរឡើងជាមុនសោះ។ ជាក់ស្តែងអាមេរិកនៅតែបន្តវត្តមានយោធា ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ពួកតាលីបង់ កំពុងបន្តងើបបះបោរឡើងវិញ។ ចំណែកក្រុមអាល់កៃដាក៏នៅតែបន្តសកម្មភាពរបស់ខ្លួន។ សម្រាប់ប្រទេស អាហ្វហ្គានីស្ថាន កំពុងក្លាយជាដែនដីបំផ្ទុះសង្គ្រាមដ៏យូរអង្វែងជាងគេ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
លើកឡើងពីគម្រោងថ្មីរបស់ប្រធានាធិបតីអាមេរិក ត្រូវបានអ្នកជំនាញសម្លឹងឃើញថា ហាក់ពិបាកក្នុងការទទួលបានជោគជ័យបន្តិច។ ដោយពឹងផ្អែកលើហេតុផល ប្រវត្តិសាស្ត្រយើងឃើញថា សង្គ្រាមនេះបានអូសបន្លាយរយៈពេល១៦ឆ្នាំ ខាតបង់ប្រាក់ខ្ទង់លានលានដុល្លារ ត្រូវការកម្លាំងទ័ពជាង១០០,០០០នាក់ ព្រមទាំងបង្កឱ្យមនុស្សជាច្រើនត្រូវស្លាប់បាត់បង់ជីវិត។ តើការប្រឹងប្រែងទាំងនោះបានផ្តល់ផលដូចម្តេច? ចម្លើយគឺរហូតមកទល់ពេលនេះ សង្គ្រាមនៅតែបន្ត អ្វីៗនៅតែមិនទាន់ប្រសើរឡើងនៅឡើយ។ ហេតុនេះត្រឹមតែការបន្ថែមយោធាប្រមាណជាង៤០០០នាក់បន្ថែម
តើយោធាទាំងនោះអាចសម្រេចអ្វីបានលើសពីយោធា ដែលធ្លាប់មានវត្តមាននៅទីនោះស្រាប់?
ម្យ៉ាងវិញទៀត ក្នុងគម្រោងនេះលោក ត្រាំ បែរជាផ្តល់សិទ្ធអំណាចបន្ថែមដល់ឥណ្ឌាក្នុងការចូលរួមដោះស្រាយបញ្ហាក្នុងប្រទេស អាហ្វហ្គានីស្ថាន ស្របពេលដែលប្រទេស ប៉ាគីស្ថាន ហាក់សម្តែងការមិនពេញចិត្ត ព្រមទាំងបានចោទប្រកាន់ប្រទេសឥណ្ឌាថា បានប្រើប្រាស់ដែនដីអាហ្វហ្គានីស្ថាន ដើម្បីញុះញ៉ុងនូវអំពើហិង្សានៅតាមបន្ទាត់ព្រំដែនប្រទេស ប៉ាគីស្ថាន។ ប៉ាគីស្ថានចាត់ទុកថាវាគ្រាន់តែជាល្បិច មួយដែលមិនអាចផ្តល់ផលអ្វីក្រៅពី ការបង្កឱ្យមានសង្គ្រាមរវាងប៉ាគីស្ថាន និងឥណ្ឌាលើដែនដី អាហ្វហ្គានីស្ថាននោះទេ។ ហេតុនេះ តើគម្រោងថ្មីរបស់លោក ដូណាល់ត្រាំ នឹងផ្តល់ផលល្អ ឬដើម្បីតែការបញ្ឆេះសង្គ្រាម?
យ៉ាងនេះក្តី មិនមែនមានន័យថាការឈ្លានពានរបស់សហរដ្ឋអាមេរិក នៅលើដែនដីអាហ្វហ្គានីស្ថានតាំងពីឆ្នាំ២០០១កន្លងទៅនេះ មិនសម្រេចបានអ្វី ទាំងអស់នោះទេ។ យ៉ាងហោចណាស់ជីវិតរបស់ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនក្នុងពេលបច្ចុប្បន្ន បានប្រសើរជាងពេលស្ថិតនៅក្រោមការដឹកនាំ របស់ពួកតាលីបង់។ ប៉ុន្តែទន្ទឹមនឹងនោះដែរ ភាពបរាជ័យក៏បានកើតឡើងស្របគ្នា នឹងគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោនបានកំណត់ផងដែរ។
មិនតែប៉ុណ្ណោះ លោក ត្រាំ មិនបានង្ហាញច្បាស់លាស់ពីគម្រោងខាងលើឡើយ មិនថាចំនួនទ័ព ឬការរំពឹងទុករបសកកម្ម សិទ្ធតែមានភាពមិនច្បាស់លាស់នៅឡើយ។
ប្រទេស អាហ្វហ្គានីស្ថាន បច្ចុប្បន្នកំពុងពោរពេញទៅដោយអំពើពុករលួយ ការឈ្លានពាន និងការរំលោភបំពាន ព្រមទាំងត្រូវបានឡោមព័ទ្ធដោយក្រុម មូហ្សាអ៊ីដិន អាហ្វហ្គានីស្ថាន ដែលកំពុងធ្វើសង្គ្រាម មិនចេះនឿយហត់ដើម្បីដណ្តើមអំណាចគ្រប់គ្រងទូទាំងប្រទេស។
ក្រមសីលធម៌ក្នុងចំណោមកងទ័ពអាហ្វហ្គានីស្ថានមានកម្រិតទាប។ អត្រាយោធាដើរចោលជួរ និងថយចុះកម្លាំងស្មារតី កាន់តែខ្ពស់។ ប្រសិនបើគ្មានការគាំទ្រ ពីដៃគូអន្តរជាតិ ពិសេសសហរដ្ឋអាមេរិកទេនោះ រដ្ឋាភិបាលក្រុងកាប៊ុលនឹងត្រូវដួលរលំជាយូរមកហើយ ក្នុងពេលថ្លែងសន្ទរកថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ស្ដីពីការដាក់ចេញនូវគម្រោងថ្មី សម្រាប់ប្រទេស អាហ្វហ្គានីស្ថានលោកបានបង្ហាញថា លោកនឹងពង្រឹងវត្ថមានយោធាអាមេរិកបន្ថែមទៀតក្នុងប្រទេស អាហ្វហ្គានីស្ថានបន្ថែមទៀត ព្រមទាំងផ្តល់សិទ្ធអំណាចដល់យោធាក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយគ្មានការគាបសង្កត់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
មិនតែប៉ុណ្ណោះក្នុងគម្រោងនេះ ក៏បានផ្តល់តួនាទីសំខាន់សម្រាប់ឥណ្ឌាលើដែនដីអាហ្វហ្គានីស្ថាននេះផងដែរ ដើម្បីស្ថាបនាអាហ្វហ្គានីស្ថានឡើងវិញ ស្របពេលដែលមេដឹកនាំរូបនេះ ចោទប្រកាន់ប៉ាគីស្ថានថា «បានផ្តល់កន្លែងសុវត្ថិភាពសម្រាប់អង្គការភេរវកម្ម»។ តែអ្វីដែលគួរឱ្យរិះគន់ គម្រោងថ្មីនេះមិនបានបញ្ជាក់ច្បាស់ ពីការបែងចែកអំណាច រវាងពួកតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននាពេលអនាគតនោះទេ។ ការពិតចំណុចនេះគឺជាល្បិចសុទ្ធសាធ។
ប៉ុន្តែយុទ្ធសាស្ត្រថ្មីរបស់លោក ត្រាំ ត្រូវបានអ្នកជំនាញរិះគន់ថា ហាក់ខ្វះខាតមិនបានផ្តល់ព័ត៌មានលម្អិតនោះ បានបង្ហាញពីចំណុចសំខាន់ខ្លះ ដែលដកចេញនូវគោលនយោបាយចាស់ខ្លះៗរបស់លោក អូបាម៉ា ពាក់ព័ន្ធនឹងគម្រោងសម្រាប់ប្រទេស អាហ្វហ្គានីស្ថាន។
តើមហិច្ឆតារបស់លោក ត្រាំ ដើម្បីកម្ចាត់ពួកតាលីបង់ពិតប្រាកដឬទេ ឬដើម្បីអ្វីផ្សេង? ភាពមិនច្បាស់លាស់នេះ គឺជាការបន្តនូវគោលនយោបាយចាស់របស់លោកបារ៉ាក់អូបាម៉ា វាមិនខុសគ្នានោះទេ។
ក្នុងពេលបង្ហាញពីគម្រោងនេះ ប្រធានាធិបតីមហាអំណាចរូបនេះ បានលើកឡើងថា «នៅថ្ងៃណាមួយ បន្ទាប់ពីកិច្ចប្រឹងប្រែងដ៏មានប្រសិទ្ធភាពរបស់ទ័ពអាមេរិក ប្រហែលជាវាអាចនឹងផ្តល់នូវដំណោះស្រាយនយោបាយ ដែលក្នុងនោះរួមទាំងបញ្ហាក្រុមតាលីបង់ក្នុងប្រទេស អាហ្វហ្គានីស្ថាន ផងដែរ»។
ប្រវត្តិសាស្ត្រព្រមានយើងរួចហើយ កុំឱ្យបង្ហាញកុំរំពឹងទុកខ្ពស់ពេក រាល់ពេលលើកឡើងអំពីប្រទេស អាហ្គានីស្ថាន។ ជាក់ស្តែងនេះមិនមែនជាលើកទីមួយ សម្រាប់លោកត្រាំ គឺជាប្រធានាធិបតីទីបីហើយដែលប្រកាសពីផែនការដ៏ធំ អះអាងថានឹងសម្រេចបានជ័យជម្នះលើវិបត្តិក្នុងប្រទេសនេះ។
លោក ដូណាល់ ត្រាំ បានបញ្ចប់សុន្ទរកថារបស់លោកដោយការឧទ្ទិសដល់ «ប្រជាជនអាហ្វហ្គានីស្ថាន និងកងកម្លាំងប្រដាប់អាវុធក្លាហានរបស់ពួកគេ» ដែលបន្តទទួលបន្ទុកធ្ងន់ធ្ងរ ក្នុងការធ្វើសង្គ្រាមមិនចេះចប់មួយនេះ។ ដោយការលះបង់របស់កងទ័ពទាំងនោះ យើងសង្ឃឹមថាយុទ្ធសាស្រ្តថ្មីរបស់លោកដូណាល់ត្រាំ នឹងមានប្រសិទ្ធភាព៕