(កូឡាឡាំពួរ)៖ ពិតជាមិនធម្មតា និងបំបែកកំណត់ត្រាមែន សម្រាប់ក្រុមកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសអាយុក្រោម ២២ឆ្នាំកម្ពុជាបានរងបរាជ័យជាលើកទី៥ ក្រោយចាញ់ U22 ឥណ្ឌូនេស៊ីដោយលទ្ធផលបច្ចេកទេស ២-០ ដែលទើបបញ្ចប់មុននេះ នៃព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។
កម្ពុជា ធ្វើមិនបានល្អឡើយសម្រាប់វគ្គសន្សំពិន្ទុលេង៥ប្រកួតក្នុងពូល B ដោយពុំមានពិន្ទុរាប់នឹងគេឡើយឈរបាតតារាងក្នុងចំណោម៦ប្រទេសរួមមាន វៀតណាម ហ្វីលីពីន ទីម័រខាងកើត ឥណ្ឌូនេស៊ី និងម្ចាស់ការពារមេដាយមាស ថៃ ដោយត្រូវគេស៊ុតចូល ១២គ្រាប់ និងស៊ុតចូលគេវិញតែ ១គ្រាប់ប៉ុណ្ណោះដោយបាល់ប៉េណាល់ទីទៀត ក្នុងប្រកួតចាញ់ U22 វៀតណាម ៤-១។
ក្នុងប្រកួតដ៏ស្វិតស្វាញមុនត្រឡប់មកផ្ទះវិញ កម្ពុជាបានបាត់បង់សមាជិកមួយរូបតាំងពីនាទីទី៤៥ ពីការពិន័យកាតក្រហម ឈុំ ពិសា មុនរបូត២គ្រាប់នៅនាទីទី៥៦ និងនាទីទី៧០។
៥ប្រកួតបរាជ័យស្ពឹកមុខរបស់កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino គឺចាញ់ហ្វីលីពីន ២-០ ចាញ់វៀតណាម ៤-១ ចាញ់ថៃ ៣-០ ចាញ់ទីម័រខាងកើត ១-០ និងចុងក្រោយចាញ់ឥណ្ឌូនេស៊ី ២-០ និងកាតក្រហម១ ផងដែរ។
លទ្ធផល ២ប្រកួតផ្សេងទៀតដែលប្រកួតនៅរសៀលម៉ោង ៣៖០០នាទីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧ U22 ហ្វីលីពីន បានយកឈ្នះ U22 ទីម័រខាងកើត ២-១ និង U22 វៀតណាមចាញ់ក្រុមការពារមេដាយមាស U22 ថៃ ៣-០ ដែលហាលអាវដូចកម្ពុជាដែរ។ ដូច្នេះថៃលេខ១ពូល B ត្រូវជួប លេខ២ នៃពូល A មីយ៉ាន់ម៉ា គ្រាដែលលេខ១ ពូល A ម្ចាស់ផ្ទះម៉ាឡេស៊ីវិញ ត្រូវជួប U22 ឥណ្ឌូនេស៊ី ដែលជាក្រុមលេខ២ ក្នុងពូល B៕
U22 កម្ពុជា
U22 ឥណ្ឌូណេស៊ី