(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងថា នៅពេលនេះកងទ័ពកម្ពុជា បានខឹងសម្បារយ៉ាងខ្លាំង ចំពោះអតីត សង្ឃខ្មែរកម្ពុជាក្រោមឈ្មោះ សឺន ហាយ ដែលបានបង្ហោះ Facebook ប្រមាថដល់អាយុជីវិតរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។
លោកបានបញ្ជាក់ថា ក្រសួងការពារជាតិ សូមប្រកាសស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យចាប់ខ្លួនជនអន្ធពាលរូបនេះឱ្យខាងតែបាន ដើម្បីយកមកកាត់ទោស តាមច្បាប់ ទោះបីជាជននេះស្ថិតនៅទីណាក៏ដោយ ដោយមិនអាចអត់ឱនបានទេ។
ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី អតីតសង្ឃខ្មែរកម្ពុជាក្រោម សឺន ហាយ តាមរយៈ Facebook មួយឈ្មោះថា «Hai Khmerkrom» បានបង្ហោះប្រមាថយ៉ាងធ្ងន់ធ្ងរដល់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាថ្នាក់ដឹកនាំមួយរូបរបស់កម្ពុជា ដោយកាត់តរូបភាព ហើយផ្សព្វផ្សាយបំភ្លៃញុះញង់ថា សម្តេចបានទទួលមរណភាព។
លោក ឈុំ សុជាតិ បានបញ្ជាក់ថា ការកាត់តបែបនេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលមិនត្រូវអត់ឱនឱ្យបានឡើយ។ លោកថ្លែងថា រូបភាពដែលជនល្មើសបានយកមកកាត់តនោះ គឺសម្តេចពិជ័យសេនាគ្រាន់តែទៅពិនិត្យសុខភាពធម្មតាប៉ុណ្ណោះ មិនមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរនោះទេ ហើយពេលនេះ សម្តេចមានសុខភាពធម្មតា មិនមានអ្វីកើតឡើងឡើយ។
លោកបានថ្លែងបន្តថា ការផ្សព្វផ្សាយយ៉ាងដូច្នេះ គឺជាទង្វើអសីលធម៌ និងអមនុស្សធម៌ ខុសច្បាប់ ហើយកងទ័ពកម្ពុជា នឹងប្រឆាំងដាច់ខាតចំពោះ ជនទាំងឡាយ ដែលប្រមាថដល់ថ្នាក់ដឹកនាំរបស់ពួកគេ៕
ខាងក្រោមជារូបភាពជនអន្ធពាលឈ្មោះនៅលើ Facebook Hai Khmerkorm កាត់តប្រមាថដល់ជីវិត