(ភ្នំពេញ)៖ ថ្នាក់សិក្សាអំពី «ការចាប់មុំព័ត៌មានក្ដៅ និងរបៀបសរសេរ Lead ដើម្បីទទួលបានភាពទាក់ទាញ» នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានការជជែកយ៉ាងផុសផុលពីសិស្ស ជាពិសេសក៏មានការដាក់ជាសំណួរទៅកាន់ លោក ម៉ារ យ៉ារិទ្ធ ដែលជាគ្រូបង្គោលផងដែរ។ សំណួរដែលសិស្សបានចោទសួរនោះគឺ តើមានការកំណត់ស្តង់ដារនៃការសរសេរព័ត៌មាន ដែលតម្រូវថា អ្នកអានកម្រិតបែបណាទើបអាចយល់ជាមួយព័ត៌មាននេះ?
ក្នុងនាមជាគ្រូបង្គោលរបស់ថ្នាក់សិក្សា FTC លោក ម៉ារ យ៉ារិទ្ធ បានឆ្លើយតបទៅនឹងសំណួររបស់សិស្សថា៖ «ជាការចាំបាច់ណាស់ដែលអ្នកព័ត៌មានត្រូវយល់ច្បាស់អំពីព័ត៌មានដែលខ្លួនបានសរសេរជាមុនសិន មុននឹងសរសេរព័ត៌មានចេញមក។ ចំណុចនេះមានន័យថា ការសរសេរព័ត៌មានគឺជាការសរសេរបង្ហាញមិនមែនជាការនិយាយប្រាប់ត្រង់ៗពេក ប៉ុន្តែអាចធ្វើឲ្យអ្នកអានមានភាពងាយស្រួលក្នុងការយល់ពីសាច់រឿងព័ត៌មាន។ ម្យ៉ាងវិញទៀត ការសរសេរព័ត៌មានគេព្យាយាមប្រើនូវពាក្យសម្រាយឲ្យបានច្រើន ហើយប្រសិនជាមានពាក្យបច្ចេកទេសខ្លាំង ក៏គួរតែមានសេចក្ដីពន្យល់ពីក្រោយផងដែរ»។
ជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ បានបន្ថែមទៀតថា កាលណាអ្នកសរសេរព័ត៌មានយល់ច្បាស់អំពីសាច់រឿង នោះការពន្យល់នៃព័ត៌មានក៏មានភាពច្បាស់លាស់ផងដែរ ដែលចំណុចនេះហើយទាមទារឲ្យអ្នកព័ត៌មានមាន មានការតាមដានសភាពការណ៍ជាប្រចាំ ជាពិសេសសាច់រឿងនៃព័ត៌មានដែលខ្លួនត្រូវសរសេរ ពោលគឺមិនត្រូវសរសេរព័ត៌មានចងមុងនោះឡើយ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នថ្នាក់បណ្ដុះបណ្ដាល Fresh News (FTC) បាន និងកំពុងបង្រៀនអំពីការចាប់មុំព័ត៌មានក្ដៅ និងរបៀបសរសេរ Lead ហើយជាវគ្គសិក្សាអំពីការសរសេរព័ត៌មានជំនាន់ទី៤ ផងដែរ ដែលទទួលបានការបង្ហាត់បង្រៀនដោយផ្ទាល់ពី លោក ម៉ារ យ៉ារិទ្ធ ដែលមានបទពិសោធន៍ជិត៤០ឆ្នាំមកហើយ ទាំងនៅស្ថាបនព័ត៌មាន និងអន្តរជាតិ។
បន្ថែមពីនេះ FTC ក៏មានថ្នាក់បណ្ដុះបណ្ដាលលើជំនាញថតរូប ក្នុងវិជ្ជាជីវៈអ្នកព័ត៌មានផងដែរ ហើយថ្នាក់ថ្មីនៃការថតរូបនេះ នឹងទទួលចុះឈ្មោះចូលរៀនថ្នាក់ថ្មីជំនាន់ទី២ នៅក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ៕