(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី បានបន្តអំពាវនាវជាថ្មីឲ្យអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាប្រញាប់ចាកចេញពីប្រទេសកម្ពុជា ដោយគេអះអាងរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ននេះជិតដួលរលំហើយ។
ទណ្ឌិតដែលមានសណ្តានជាជនក្បត់ជាតិរូបនេះ បានលើកឡើងនៅលើ Facebook នៅថ្ងៃទី១៣ ខែកុម្ភៈ យ៉ាងដូច្នេះ «ការលោតចេញមុននេះ គឺជាសេចក្តីសម្រេចដ៏ត្រឹមត្រូវ របស់អ្នកវិនិយោគបរទេស និងអ្នករកស៊ីខិលខូចជាច្រើន ដែលមានវត្តមាននៅប្រទេសកម្ពុជាសព្វថ្ងៃ។ សូម្បីតែអ្នកបញ្ជាទិញពីក្រៅប្រទេស ក៏គេផ្អាក ឬលុបចោលតែម្តង ការបញ្ជាទិញរបស់គេ តាំងពីឥលូវនេះដែរ»។
លោក សុខ សុគន្ធ ហៅជេម សុខ អ្នកអធិប្បាយបញ្ហាសង្គម នយោបាយកម្ពុជា និងជាអ្នកតែងតែបើកកកាយពីពុតត្បុតទុច្ចរិតល្បិចកិច្ចកលរបស់ទណ្ឌិត សម រង្ស៉ី នោះ បានចេញមកប្រតិកម្មភ្លាមៗចំពោះការលើកឡើងនេះ។
លោក សុគន្ធ បានហៅការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី គឺជាចេតនាដ៏សែនអាក្រក់ក្នុងការបំផ្លាញសេចក្តីសុខ និងការរស់រៀនរបស់ប្រជាពលរដ្ឋ ដែលកំពុងពឹងផ្អែកលើការវិនិយោគរបស់អ្នកវិនិយោគបរទេស។
«រឿងមួយដែលគួរឲ្យចង់សើចលោក សម រង្ស៉ី បានប្រាប់អ្នកវិនិយោគបរទេសឲ្យចាកចេញពីប្រទេសកម្ពុជា តែក៏បានឲ្យអ្នករកស៊ីខិលខូចជាច្រើននៅកម្ពុជាឲ្យចាកចេញមុនពេលគ្រោះថ្នាក់មកដល់ តែអ្វីដែលលោក សម រង្ស៉ី ភ្លេច គឺប្រជាជន ១៥លាននាក់នៅកម្ពុជា លោក សម រង្ស៉ី អត់គិតពីទុក្ខសោករបស់គេឡើយ»។ លោក សុខ សុគន្ធ គូសបញ្ជាក់។
ឆ្លើយតបការលើកឡើងរបស់ទណ្ឌិតជើងមិនជាប់ដីរូបនេះថា រាជរដ្ឋាភិបាលកម្ពុជាប្រៀបដូចជាកប៉ាល់រៀបចំលិចកណ្តាលសមុទ្រនោះ លោក សុខ សុគន្ធ ចាត់ទុកការលើកឡើងនេះជាការយល់ឃើញរបស់មនុស្សរវើរវាយ ដែលកំពុងទ័លច្រកក្នុងសមរភូមិនយោបាយតែប៉ុណ្ណោះ។
តាមការតាមដានលើស្ថានការណ៍នយោបាយនៅកម្ពុជា លោក សុខ សុគន្ធ បានអះអាងថា ស្ថានការណ៍នៅកម្ពុជាមិនឈានដល់ដំណាក់កាលដូចការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នោះឡើយ។
អ្នកអធិប្បាយបញ្ហាសង្គម និងនយោបាយមានប្រជាប្រិយភាពរូបនេះ បានអះអាងដូច្នេះ «កម្ពុជានៅមានដំណើរប្រក្រតីនៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនធ្លុះធ្លាយដូចកាប៉ាល់នោះទេ គឺស្ថិតនៅជារបបកម្លាំងថាមពលពេញលេញរបស់ខ្លួន ហើយអាចនឹងទប់ស្កាត់នូវហានិភ័យទាំងឡាយដែលអាចកើតឡើងចំពោះរបបនេះជាយថាហេតុ»៕