(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ និងហាងកាហ្វេង៉ុកងឺង ហាងកាហ្វេធីថាន់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រុមប្រតិបត្តិការចម្រុះបានសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីអម។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រុមប្រតិបត្តិការបានចុះត្រួតពិនិត្យជនបរទេស ចំនួន៨៥នាក់ ស្រី៤៥នាក់ ក្នុងនោះមានតែជនជាតិវៀតណាម ចំនួន០៥នាក់ ស្រីម្នាក់ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បានបញ្ជូនជានជាតិវៀតណាមចំនួន០៥នាក់ ស្រីម្នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕