(ត្បូងឃ្មុំ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ អមដំណើរដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តត្បូងឃ្មុំ ដែលមានប្រទល់ជាប់ប្រទេសវៀតណាម និងបានពិនិត្យបង្គោលព្រំដែន តាមបន្ទាត់ព្រំដែន ស្ថិតនៅក្នុងស្រុកមេមត់ ផងដែរ។
នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ កងទ័ពដែលឈជើងតាមបណ្ដោយព្រំដែន, សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវកាផ្ដាំផ្ញើសាកសួរសុខទុក្ខ អំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្ដេចទាំង២ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញ កាតព្វកិច្ច បំរើជាតិមាតុភូមិប្រកប ដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។
សម្ដេចពិជ័យសេនា ក៏បានសំណូមពរដល់សមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធរ ពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ជាពិសេសធ្វើយ៉ាងណាបង្ក លក្ខណៈងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅ តាមបណ្ដោយព្រំដែនប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង៕