(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ នាទីស្ដីការក្រសួង, លោក Miloslav Stasek រដ្ឋលេខាធិការ នៃក្រសួងការបរទេសឆែក បានអះអាងថា សាធារណរដ្ឋឆែក នឹងបេ្ដជ្ញាបន្ដជួយលើវិស័យសុខាភិបាល ជាពិសេសក្រុមធុរកិច្ចឆែក នឹងពិចារណាលើគម្រោងការសាងសង់អគារមន្ទីរពេទ្យផ្តោតលើសេវាថែទាំ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ។
ទន្ទឹមនឹងនោះរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា «កម្ពុជា និងឆែក នឹងពិភាក្សារួមគ្នា និងពិនិត្យស្ថានភាព ដើម្បីធ្វើការសហប្រតិបត្ដិការមួយផ្នែក និងវិនិយោគមួយផ្នែកលើវិស័យសុខាភិបាល ពិសេស ខាងសេវាថែទាំសុខភាព ការពារ និងព្យាបាលជំងឺមហារីក ដោយខាងភាគីឆែក មានបទពិសោធន៍ស្រាប់ លើជំនាញនេះ» ។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា ការវិនិយោគសេវាជំងឺមហារីកនេះ គឺជាផ្នែកមួយដែលកម្ពុជា កំពុងតែមានការខ្វះខាតស្រាប់ ដោយមកទល់នឹងពេលនេះ មានមន្ទីរពេទ្យតែពីរប៉ុណ្ណោះ ដែលមានសេវាព្យាបាលជំងឺមហារីកនេះ គឺ មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត និងមន្ទីរពេទ្យកាល់ម៉ែត ។ ធុរជនឆែក គ្រោងនឹងវិនិយោគសេវានេះ នៅតាមមន្ទីរពេទ្យរដ្ឋរបស់កម្ពុជា ទៅតាមការពិនិត្យ និងពិភាក្សានៅពេលខាងមុខ។
លោក រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់សាធារណរដ្ឋឆែក ដែលតែងតែបន្ដជួយលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា ជាពិសេស បន្ដជួយឧបត្ថម្ភ និងវិនិយោគលើសេវាព្យាបាលជំងឺមហារីក ។
សូមបញ្ជាក់ថា ធារណរដ្ឋឆែក ក៏បានធ្វើផែនការវិនិយោគនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ដូចជានៅក្នុងប្រទេសឡាវ វៀតណាម និង ម៉ាឡេស៊ី ពីសេវាជំងឺមហារីកនេះ៕