(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកកិច្ចប្រជុំជាមួយនឹងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ដើម្បីពិនិត្យទៅលើយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩ ដល់២០២៣។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍មកពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារពិភពលោក (World Bank), ការិយាល័យបណ្តុះបណ្តាលធនធានមនុស្សរបស់អង្គការគយពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (WCO ROCB A/P), គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា, ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ), ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO), UNODC ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលការងារដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបាននាពេលកន្លងមកក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ ២០១៤-២០១៨ និងផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រកែទម្រង់ និង ទំនើបកម្មគយសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខគឺ ២០១៩-២០២៣ ក្នុងគោលបំណងកៀរគរ និងសម្របសម្រួល ជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយថ្មីនេះ។
ក្នុងកិច្ចប្រជុំនោះ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជម្រាបជូនដៃគូអភិវឌ្ឍន៍នៅក្នុងអង្គប្រជុំអំពីការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ ២០១៤-២០១៨ ដែលជារួមត្រូវបានវាយតម្លៃថាទទួលបានលទ្ធផលល្អ។
ការងារសំខាន់ៗដែលសម្រេចបាន រួមមានដូចជា ចំណូលប្រមូលបានលើសផែនការគិតជាមធ្យមជាង ២០% ក្នុង១ឆ្នាំ, ការងារបច្ចេកទេសគយ, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការធ្វើសាមញ្ញកម្មនីតិវិធីគយជាបន្តបន្ទាប់, អភិបាលកិច្ចនិងការពង្រឹងអនុលោមភាព, ការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពស្ថាប័ន ជាដើម។ ដើម្បីបន្តនិរន្តរភាពនិងជម្រុញសន្ទុះនៃការកែទំរង់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានកសាងឯកសារយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ ២០១៩-២០២៣ ដោយផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន ៥គឺ ១.ប្រសិទ្ធភាពនៃការប្រមូលចំណូល ២.អនុលោមភាពនិងការអនុវត្តច្បាប់ ៣.ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងកិច្ចសម្រួលពាណិជ្ជកម្ម ៤.កិច្ចសហប្រតិបត្តិការគយ និង ៥.ការគ្រប់គ្រងធនធានមនុស្សនិងការអភិវឌ្ឍន៍ស្ថាប័ន។
ក្នុងនោះ គោលដៅយុទ្ធសាស្ត្រទី៣ ពាក់ព័ន្ធនឹងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានត្រូវបានកំណត់ជាអាទិភាពចំបងនិងជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រផ្សេងទៀត។
ប្រភពបន្តថា ស្របគោលនយោបាយកំណែទម្រង់ស្ថាប័នស៊ីជម្រៅដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា អគរ ត្រូវអនុវត្តឲ្យកាន់តែសកម្ម និងមុតស្រួចនូវវិធានការមួយចំនួនចំពោះមុខដូចជា ជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២, អនុវត្តប្រកាសស្ដីពីកម្រៃសេវាសាធារណៈរបស់អគរ, កាត់បន្ថយកម្រៃស្កែនកុងតែន័រ៥០%, កែសម្រួលឡើងវិញ អនុក្រឹត្យលេខ ២០៩ ស្ដីពីទំនិញហាមឃាត់ និងជាប់កម្រឹតកំណត់ និងអនុក្រឹត្យលេខ ២១ ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ, រៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់វិស័យ SMEs និងពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់គយ ដែលជាស្ថាប័នតែមួយគត់នៅមាត់ច្រក ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ជាដើម។
ក្រោយបានស្តាប់នូវរបាយការណ៍របស់មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ, តំណាងដៃគូអភិវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបាននាពេលកន្លងមក និង ប្តេជ្ញាចិត្តបន្តផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ និង ទំនើបកម្មគយ ២០១៩-២០២៣ ឲ្យបានសម្រេចជោគជ័យជាបន្តទៀត៕