(ភ្នំពេញ)៖ លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិការ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានជំរុញឲ្យមានការគោរពតាម និងអនុវត្តនូវក្រមប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ ការរាយការណ៍ ព័ត៌មានអំពើហិង្សាលើស្ត្រី។
ការជំរុញបែបនេះ របស់លោកស្រី រស់ សុភាព បានធ្វើឡើងក្នុងកម្មវិធីវេទិកាព័ត៌មាន ស្ដីពី អំពើហិង្សាផ្លូវភេទស្ដ្រី និងកុមារី ដែលរៀបចំធ្វើឡើងដោយក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា។ កម្មវិធីនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះ លោកស្រី រស់ សុភាព ក៏បានស្នើឲ្យបញ្ចប់ការទំលាក់កំហុស និងបន្ទោសទៅលើជនរងគ្រោះ នៃអំពើហិង្សាផ្លូវភេទ ជាពិសេសជនរងគ្រោះ នៃការរំលោភសេពសន្ថវៈ ដោយលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ដែលប្រកបដោយក្រមសីលធម៌ បន្តពង្រឹងការលើកកម្ពស់ការយល់ដឹង ដល់មន្ត្រីដែលមានតួនាទី និងប្រជាពលរដ្ឋទូទៅ។
នាយិកាប្រតិបត្តិការ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ រូបនេះ បានបញ្ជាក់ថា បទល្មើសនៃការរំលោភសេពសន្ថវៈ មិនមែនជាកំហុសរបស់ជនរងគ្រោះ តែជាកំហុសរបស់ជនប្រព្រឹត្តតែមួយគត់។ លោកថា ត្រូវបន្តពង្រឹងការអនុវត្តន៍ ច្បាប់ព្រហ្មទណ្ឌ ឲ្យមានប្រសិទ្ធិភាព ដែលជានានូវយុត្តិធម៌ដល់ជនរងគ្រោះ។
លោកស្រី រស់ សុភាព បន្ដទៀតថា នេះគឺបូករួមទាំងការលុបបំបាត់និទណ្ឌភាព សម្រាប់ជនល្មើស ដើម្បីធានាការរក្សាសុខសុវត្ថិភាព ដល់ជនរងគ្រោះ និងស្ត្រីព្រមទាំងក្មេងស្រីដទៃទៀត និងមិនអនុវត្តន៍ការសម្របសម្រួល ក្រៅប្រព័ន្ធតុលា ដែលជាកត្តារាំងស្ទះ ដល់ការអនុវត្តច្បាប់ឲ្យបានពេញលេញ។
ជាមួយគ្នានោះ តំណាងអង្គការក្រៅរដ្ឋាភិបាល និងសម្លេងស្ដ្រីវ័យក្មេង បានស្នើសូមឲ្យក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បង្កើតនូវយន្តការតាមដាន និងវាយតម្លៃចំពោះ បណ្តាញសារព័ត៌មាន ក្នុងការអនុវត្តក្រមប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ ព័ត៌មានអំពើហិង្សាលើស្ត្រី។
សូមជម្រាបថា តាមរយៈរបាយការណ៍របស់ អង្គការលីកាដូរ ក្នុងឆ្នាំ២០១៧ មានករណីអំពើហិង្សាផ្លូវភេទ កើតឡើងចំនួន១៤៧ករណី ក្នុងនោះ មាន១២៥ករណី ជាករណីរំលោភសេពសន្ថវៈ និង៦ករណី ជាករណីរំលោភ សម្លាប់ ដែលជនរងគ្រោះទាំងអស់ជាស្ត្រី និងក្មេងស្រី។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា បើគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាលើក្មេងស្រីប្រមាណ១១០ករណី ក្នុងនោះមានករណីរំលោភសេពសន្ថវៈមាន៩០ករណី និងរំលោភសម្លាប់មាន៨ករណី៕
,