(ប៉ៃលិន)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៨ និងពិនិត្យសកម្មភាពការងារឆ្នាំ២០១៩ដើម្បីអនុវត្តបន្ត នៅសណ្ឋាគារ Memoria Palace and Resort ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងរដ្ឋបាលខេត្តប៉ៃលិន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តប៉ៃលិន មន្ទីរសុខាភិបាលខេត្តប៉ៃលិន និងទីប្រឹក្សាបច្ចេកទេសចំនួន១០២នាក់។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក យក់ សុវណ្ណអនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ចំណាប់អារម្មណ៍របស់លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន និងការជម្រាបជូនអំពីគោលបំណង និងវិធីសាស្ត្រនៃអង្គសិក្ខាសាលាដោយលោក តែង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មក ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ថា យើងតែងតែរៀបចំសិក្ខាសាលាជារៀងរាល់ឆ្នាំ ដោយគិតគូរពីការផ្លាស់ប្តូរភូមិសាស្ត្រផងដែរ។ ឆ្នាំនេះយើងមករៀបចំនៅខេត្តប៉ៃលិនដែលមានពាក់ព័ន្ធនឹងរឿងកុលាបប៉ៃលិន។ យើងរៀបចំសិក្ខាសាលានេះឡើងដើម្បីពិនិត្យលទ្ធផលការងារកន្លងមកថាធ្វើបានអ្វីខ្លះ នៅមានកង្វះខាតអ្វីខ្លះ ត្រូវធ្វើអ្វីបន្តទៅទៀត និងបង្កើនការយល់ដឹងដល់មន្រ្តីរាជការផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា សម្រាប់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ យើងបានកំណត់គោលដៅ២ ដែលត្រូវធ្វើគឺ ឈានទៅសម្រេចឱ្យបានគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០ និងគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ប៉ុន្តែអង្គការ UNAIDS បានប្រកាសថាយើងបានសម្រេចដល់គោលដៅ ៩០-៩០-៩០ ហើយតាំងពីឆ្នាំ២០១៧ (មានន័យថា ៩០%នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពជំងឺអេដស៍របស់ខ្លួន ៩០%នៃអ្នកដឹងពីស្ថានភាពជំងឺបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩០% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ទាបបំផុតនៅក្នុងឈាម)។ ក្នុង ពិភពលោកនេះគឺមានតែ៧ប្រទេសប៉ុណ្ណោះសម្រេចបានគោលដៅ៩០-៩០-៩០ ដែលក្នុងនោះមាន បុតស្វាណា ចក្រភពអង់គ្លេស អីុស្លង់ ដាណឺម៉ាក ស៊ុយអ៊ែត សិង្ហបុរី និងកម្ពុជាយើង។
ក្នុងនោះរបាយការណ៍ បានបង្ហាញថាកម្ពុជាយើងឈានទៅដល់គោលដៅ៩០-៩០-៩០ ជា លំដាប់លំដោយដូចតទៅ : គោលដៅ៩០ទី១ យើងសម្រេចបាន៨៦% គោលដៅ៩០ទី២ យើងសម្រេចបាន៩៨% និងគោលដៅ៩០ទី៣ យើងសម្រេចបាន ៨០%។ ដូច្នេះយើងត្រូវនិយាយថា យើងទាំងអស់គ្នាឈានទៅសម្រេចបានគោលដៅ ៩០-៩០-៩០ទាំង ស្រុងនៅឆ្នាំ២០២០ និងគោលដៅ៩៥-៩៥-៩៥នៅឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ពិភពលោកបាទទួល ស្គាល់ថា កម្ពុជាយើងបានទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ នោះដោយសារយើងមានស្ថាប័ន ដូចជាអាជ្ញាធរជាតិប្រយុទ្ធនឹងអេដស៍។ ប្រទេសមួយចំនួនកំពុងរៀនសូត្រពីយើង។ យើងបានជោគជ័យដោយសារយើងបានប្តជ្ញាចិត្តធ្វើការរួមគ្នាគឺ ទាំងរាជ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ។ បើតាមប្រសាសន៍សម្តេចតេជោគឺ ការប្រយុទ្ធនឹងជំងឺអេដស៍ គឺយើងធ្វើការរង្គើតាំងពីក្បាលដល់ចុងជើង។ អាជ្ញាធរបានជោគជ័យដោយសារមានក្រសួង ស្ថាប័ន និងខេត្តជាសមាជិក។
មុននឹងបញ្ចប់ សុន្ទរកថាបើកសិក្ខាសាលា លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការឯកភាពរបស់រាជរដ្ឋា ភិបាលដូចមានចែងក្នុងលិខិតជូនដំណឹងលេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលដាក់ចេញនូវវិធានការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន៦ចំណុចនោះ ជាជោគជ័យដ៏ធំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍យើង។ ដូច្នេះ យើងមានការងារច្រើនណាស់ដែលត្រូវធ្វើក្នុងឆ្នាំ២០១៩នេះ។
លោកទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរពិភាក្សា និងសិក្សារួមគ្នានៅក្នុងកម្មវិធីរយៈពេល២ថ្ងៃនេះ ដាក់ចេញនូវផែនការសម្រាប់ការអនុ វត្តការងារឆ្នាំ២០១៩ និង២០២០ មុននឹងកោះប្រជុំអន្តរក្រសួង ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈ កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍បានដឹងពីការងារដែលត្រូវធ្វើ។
នៅទីបញ្ចប់លោកទេសរដ្ឋមន្ត្រី បានថ្លែងកោត សរសើរ និងលើកទឹកចិត្តក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ជាសមាជិករបស់អាជ្ញាធរ ជាពិសេសខេត្តប៉ៃលិន ដែលមានគំនិតច្នៃប្រឌិតក្នុងការភ្ជាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍ ជាមួយគ្រឿងញៀន។ នេះជាការល្អ គឺមន្រ្តីយើងដែលចុះទៅធ្វើការ និយាយពីច្បាប់ គ្រឿងញៀន អាចថែមរឿងអេដស៍ គ្រោះថ្នាក់ចរាចរផងដែរ។ ជាមួយគ្នានេះ យើងបង្កើនការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ការប្រជុំ និងជំរុញលើកទឹកចិត្តយុវជន។ លោកទេសរដ្ឋមន្ត្រីក៏បានជូនពរឱ្យអង្គសិក្ខាសាលាបានសម្រេចជោគជ័យទៅតាមការគ្រោងទុក និងប្រកាសបើកសិក្ខាសាលា៕