(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន បានប្រកាសហាមដាច់ខាតដល់សមាជិករបស់ខ្លួនថា មិនត្រូវទទួលប្រាក់ណាមួយពីកូនក្តីរបស់ខ្លួនជាដាច់ខាត និងមិនត្រូវប្រើប្រាស់ឈ្មោះអង្គភាព ដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកខ្លួនជាដាច់ខាត ហើយធ្វើយ៉ាងណាការពារកូនក្តីរបស់ខ្លួនឱ្យអស់ពីសមត្ថភាព។
ការលើកឡើងរបស់លោកមេធាវី គី តិច បានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំលើកដំបូង «ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ប្រធានមេធាវីស្ម័គ្រចិត្តស្តេចតេជោ សែន បានថ្លែងយ៉ាងដូច្នេះ៖ «អត់មានជ្រើសរើសបក្ខពួក អត់មានការសូកប៉ាន់អីទេ សូកស្អីបើជួយការពារអ្នកក្រ មកសូកធ្វើអីមានអ្នកណាគេយក តែបើមានអ្នកណាយកក្នុងចំណោមហ្នឹង មានក្រុមណាមួយទៅទារលុយកាក់ ប្រាប់ខ្ញុំមកអាហ្នឹងអត់បានទេដាច់ខាត អញ្ចឹងម៉ង មកយកលុយអត់មានទេ ប៉ុន្តែបើមានអ្នកណាភ្លាតទៅទារលុយជួយប្រាប់ខ្ញុំផង លួចខ្សឹបខ្ញុំផង អានេះគោលការណ៍ដាច់ខាតសម្តេចតេជោ ណែនាំឱ្យធ្វើដូច្នេះ»។
លោកមេធាវី គី តិច ក៏បានលើកឡើងថា ការបង្កើតមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន គឺដើម្បីជួយដល់អ្នកក្រ។ ដូច្នេះអត់មានយកឈ្មោះ ទៅទារប្រាក់ពីអ្នកនោះទេ ហើយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន គឺស្មើភាពគ្នាអត់មានខ្សែអ្នកណាម្នាក់នោះឡើយ គឺមានតែមេធាវីដែលស្ម័គ្រចិត្តតែប៉ុណ្ណោះ។
ប្រធានមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនរូបនេះ ក៏បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព និងផ្តល់ភាពជឿជាក់ខ្លាំងណាស់ចំពោះក្រុមមេធាវីរបស់សម្តេច ដោយសម្តេចបានលើកជាប្រសាសន៍ចំនួន៣ដងរួចហើយ ហើយក្រុមមេធាវីនេះគឺជាភ្នែក ជាច្រមុះរបស់ប្រមុខនៃរាជរដ្ឋាភិបាល។ ប្រសិនបើអស់លោកអត់ធ្វើការ អស់លោកធ្វើអ្វីផ្តេសផ្តាស វានឹងប្រាសចាកទៅនឹងអ្វីដែលជាគោលដៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់បាននោះឡើយ។
លោកមេធាវី គី តិច បានថ្លែងបានបន្ថែមទៀតថា៖ «ខ្ញុំទទូចសុំបងប្អូនយើងទាំងអស់កុំយកតែឈ្មោះ បែរជាយកឈ្មោះទៅបង្វែរទៅប្រកបមុខរបររបស់ខ្លួន ដើម្បីរកផលប្រយោជន៍ ដើម្បីយកឥទ្ធិពលទៅធ្វើការងារផ្សេង គឺបានហាមនៅក្នុងបទបញ្ជាផ្ទៃក្នុង អញ្ចឹងយើងធ្វើតែឈ្មោះក្រុមមេធាវីសម្តេចតេជោ សែន នេះយើងប្រើតែនៅក្នុងក្របខ័ណ្ឌការពារសិទ្ធិ របស់ស្ត្រីក្រីក្រនៅក្នុងគម្រោងនេះតែប៉ុណ្ណោះ»។
លោកមេធាវី គី តិច បានបញ្ជាក់ថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចតេជោ បានគិតយ៉ាងល្អិតល្អន់ក្នុងកិច្ចការជួយដល់ស្ត្រីដែលមានជីវភាពក្រីក្រ ជាពិសេសដែលមិនមានសិទ្ធិពេញលេញ ពុំមានការការពារសិទ្ធិ របស់គាត់តាមផ្លូវច្បាប់ ទាំងទណ្ឌិតដែលនៅក្នុងពន្ធនាគារ ទាំងជនត្រូវចោទដែលបានឃុំខ្លួនបណ្តុះអាសន្ននៅក្នុងពន្ធនាគារ ទាំងនៅខាងក្រៅដែលពុំមានការទទួលការការពារតាមផ្លូវច្បាប់។ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងវេទិការ ជាមួយក្រសួងកិច្ចការនារី គឺសម្តេចបានគិតគូរ គឺចង់បង្កើតក្រុមមេធាវីរបស់សម្តេចមួយ ដើម្បីទទួលបន្ទុកជួយសម្តេចក្នុងការជួយទៅដល់ស្ត្រីជាជនក្រី ដែលមិនមានលទ្ធភាពជួលមេធាវី មកការពារខ្លួន៕