(ភ្នំពេញ)៖ គណៈប្រតិភូអាជ្ញាធរជាតិការងារ នៃសាធារណរដ្ឋកេនយ៉ា បានធ្វើដំណើរមកសិក្សាស្វែងយល់ អំពីការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងគោលនយោបាយ ពាក់ព័ន្ធដទៃទៀតរបស់កម្ពុជា ដើម្បីពិចារណាយកទៅលៃលក រៀបចំជាគោលនយោបាយអនុវត្តក្នុងប្រទេសពួកគេ ដ្បិតអីប្រទេសនេះទើបបង្កើតអាជ្ញាធរជាតិការងារ កាលពីឆ្នាំ២០១៦។
នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៩ ខែមីនា គណៈប្រតិភូនៃក្រសួងការងារកេនយ៉ា ដែលដឹកនាំដោយលោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រីក្រសួងការងារ និងការគាំពារសង្គម នៃសាធារណរដ្ឋកេនយ៉ា បានមកបំពេញទស្សនកិច្ចសិក្សា នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។
ពួកគេនឹងចូលសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រី អ៉ិត សំហេង និងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ NEA ព្រមទាំងធ្វើទស្សនកិច្ចសិក្សា នៅតាមមជ្ឈមណ្ឌលការងារ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅរាជធានីភ្នំពេញ និងខេត្តតាកែវ ដើម្បីសិក្សាអំពីដំណើរការនៃការផ្តល់សេវាការងារដល់យុវជន និងអ្នកស្វែងរកការងារទូទៅ និងទស្សនាវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីស្វែងយល់ពីការបណ្តុះបណ្តាលជំនាញដល់សិស្ស-និស្សិត។
គោលបំណងរួមគឺដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីដំណើរការផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ការបង្កើត និងអនុវត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជា។
ក្នុងពេលជួបជាមួយ NEA លោក Ali ចាប់អារម្មណ៍ទៅលើចំណុចសំខាន់ៗជាច្រើន ដូចជា ការរៀបចំវេទិកាការងារពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ ការជ្រើសរើសបុគ្គលិកនៅតាមមូលដ្ឋានការប្រមូល និងគ្រប់គ្រងទិន្នន័យស្ថិតិការងារ ជាពិសេសការពង្រីកវិសាលភាពផ្តល់សេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ទោះបីទើបតែបង្កើតឡើងក្នុងឆ្នាំ២០០៩ក្តី។
លោកបញ្ជាក់ថា ចំណុចសំខាន់ទាំងនេះ អាចឱ្យក្រសួងការងារកេនយ៉ា ដកស្រង់បទពិសោធន៍ និងពិចារណាយកទៅរៀបចំគោលនយោបាយ អនុវត្តក្នុងប្រទេសរបស់លោកបាន។
ជាការពិតណាស់ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការងារកេនយ៉ានេះ ឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងអនុវត្តក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ លើគ្រប់វិស័យជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក សំដៅដកស្រង់បទពិសោធន៍ ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាទៅវិញទៅមក។
សូមជម្រាបថា សាធារណរដ្ឋកេនយ៉ា ជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្រ្វិកប៉ែកខាងកើត មានផ្ទៃដីសរុប ៥៨០,៣៦៧គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។ កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់ ១,៥០៧ដុល្លារសហរដ្ឋអាមេរិក។
កាលពីឆ្នាំ ២០១៦ ប្រទេសនេះទើបបានបង្កើតអាជ្ញាធរជាតិការងារ ហើយពុំទាន់មានដំណើរការពេញលេញនៅឡើយ និងកំពុងសិក្សាស្វែងយល់បន្ថែមពីបណ្តាប្រទេសនានា ដែលក្នុងនោះមានកម្ពុជាផងដែរ៕