(ត្បូងឃ្មុំ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចុះជួបសំណេះសំណាលជាមួយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីជម្រាបជូនពីការត្រៀមរៀបចំ សន្និបាតប្រចាំឆ្នាំរបស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ។
ជំនួបនេះធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តត្បូងឃ្មុំ ដោយការអញ្ជើញចូលរួម ពីលោកស្រី ឡេង សុខា អនុប្រធានសាខាកាកបាទក្រហមខេត្ត និងលោក រស់ សាខន នាយករងសាខាកាកបាទក្រហមខេត្ត ព្រមទាំងក្រុមការងារអភិវឌ្ឍស្ថាប័ន របស់កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលផងដែរ ។
លោកស្រី ពុំ ចន្ទីនី បានគូសបញ្ជាក់ពីសកម្មភាពការងារតាមវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា និងសកម្មភាពអប្បបរមារបស់សាខាកាកបាទក្រហមខេត្ត ជូនលោក អភិបាលខេត្តអោយបានជ្រាបផងដែរ ។
លោក ជាម ច័ន្ទសោភ័ណ បានគាំទ្រនូវប្រសាសន៍នានាដែលលោកស្រីលើកឡើង។ លើសពីនេះលោកបានថ្លែងអំណរគុណ ចំពោះលោកស្រី ដែលចំណាយពេលវេលាដ៍មានតម្លៃ អញ្ជើញមកនាពេលនេះ ព្រមទាំងជម្រាប នូវសកម្មភាពការងារមនុស្សធម៍ទាំងឡាយរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាបានថ្លែងអំណរគុណ និងកោតសរសើរនូវទឹកចិត្តមេត្តាសណ្តោសប្រណៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា មានចំពោះប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសក្នុងខេត្តត្បូងឃ្មុំ។
ដោយឡែកនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាគណៈកម្មាធិការ កាកបាទក្រហមខេត្ត នៅស្នាក់ការកាកបាទក្រហមខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកស្រី ឡេង សុខា អនុប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានជម្រាបជូនពីសកម្មភាពមនុស្សធម៍ទាំងឡាយ ដែលកាកបាទក្រហមខេត្ត ខិតខំផ្តល់ជូន ប្រជាពលរដ្ឋដែលត្រូវការ ស្របតាមទិសស្លោក ទីណាមានទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់គ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ រឺនិន្នាការនយោបាយនោះឡើយ។
លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះសមាជិកសមាជិកាកាកបាទក្រហមខេត្តត្បូងឃ្មុំទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណ ក៏ដូចជាថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ របស់បងប្អូនសមាជិកសមាជិកាកាកបាទក្រហមខេត្តត្បូងឃ្មុំ គ្រប់ជាន់ថ្នាក់ទាំងអស់ ផ្តល់ជូនពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះទាំងអស់ ដែលត្រូវការកាកបាទក្រហមជាចាំបាច់។
លោកស្រី សង្ឃឹមថា សមាជិកសមាជិការកាកបាទក្រហមខេត្ត នឹងបន្តសាមគ្គីគ្នា ធ្វើឲ្យវិស័យមនុស្សធម៌ក្នុងខេត្តត្បូងឃ្មុំ កាន់តែផុសផុលបន្ថែមទៀតតាមរយៈសាខាកាកបាទក្រហមខេត្ត៕