(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន ដើម្បីដាក់គោលការណ៍មួយចំនួន ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស ដែលពុំមានលទ្ធភាពរកមេធាវីការពារក្តី។
ពិធីនេះប្រព្រឹត្តធ្វើឡើងនៅការិយាល័យមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណណាក់អនុប្រធាន និងសមាជិករបស់ខ្លួនចំនួន៦៣រូប ដែលទទួលបន្ទុកបេសកកម្មរៀងៗខ្លួនទូទាំង២៥រាជធានី-ខេត្តក្រុង។
នៅក្នុងកិច្ចប្រជុំលោកមេធាវី គី តិច បានលើកឡើងថា ការបង្កើតមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺដើម្បីជួយដល់អ្នកក្រ។ ដូច្នេះអត់មានយកឈ្មោះទៅទារប្រាក់ពីអ្នកនោះទេ ហើយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន គឺស្មើភាពគ្នាអត់មានខ្សែអ្នកណាម្នាក់នោះឡើយ គឺមានតែមេធាវីដែលស្ម័គ្រចិត្តតែប៉ុណ្ណោះ។
លោកមេធាវី គី តិច ក៏បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព និងផ្តល់ភាពជឿជាក់ខ្លាំងណាស់ចំពោះក្រុមមេធាវី ដោយសម្តេចបានលើកជាប្រសាសន៍ ចំនួន៣ដងរួចហើយ ហើយក្រុមមេធាវីនេះគឺជាភ្នែក ជាច្រមុះរបស់ប្រមុខនៃរាជរដ្ឋាភិបាល។
លោកេធាវីគី តិច បានបញ្ជាក់ថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចតេជោ បានគិតយ៉ាងល្អិតល្អន់ក្នុងកិច្ចការជួយដល់ស្ត្រីដែលមានជីវភាពក្រីក្រ ជាពិសេសដែលមិនមានសិទ្ធិពេញលេញ ពុំមានការការពារសិទ្ធិរបស់គាត់តាមផ្លូវច្បាប់ ទាំងទណ្ឌិតដែលនៅក្នុងពន្ធនាគារ ទាំងជនត្រូវចោទដែលបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ទាំងនៅខាងក្រៅដែលពុំមានការទទួលការការពារតាមផ្លូវច្បាប់។ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងវេទិការជាមួយក្រសួងកិច្ចការនារី គឺសម្តេចបានគិតគូរ គឺចង់បង្កើតក្រុមមេធាវីរបស់សម្តេចមួយ ដើម្បីទទួលបន្ទុកជួយសម្តេចក្នុងការជួយទៅដល់ស្ត្រីជាជនក្រី ដែលមិនមានលទ្ធភាពជួលមេធាវី មកការពារខ្លួន។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត «ក្រុមមេធាវីការពាក្តី» ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ»៕