(ភ្នំពេញ)៖ ទីបំផុត វេទិកាស្តីពីការប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើម ឆ្នាំ២០១៩ បានរកឃើញម្ចាស់ជ័យលាភីលេខ១ហើយ គឺបានទៅលើសហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងខេត្តកំពង់ស្ពឺ ក្នុងចំណោមសហគមន៍កសិកម្មចំនួន១២០ មកពី២៥រាជធានីខេត្ត។
ពិធីបិទវេទិកា ស្តីពីការប្រកួតប្រជែងសហគមន៍កសិកម្ម ឆ្នើម២០១៩ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសមាជិក សមាជិកាដែលជាថ្នាក់ដឹកនាំក្រសួង លោកលោកស្រី បងប្អូនប្រជាកសិករ សមាជិកសហគមន៍ប្រមាណ៣០០នាក់។
បន្ទាប់ពីធ្វើការប្រកួតប្រជែងរួចមក សហគមន៍កសិកម្មដែលទទួលបានជ័យលាភីលេខ១ គឺសហគមន៍កសិកម្មបន្លែចម្រុះជាយក្រុង ខេត្តកំពង់ស្ពឺ ទទួលប័ណ្ណសរសើរ គោយន្ត២គ្រឿង ម៉ាស៊ីនបូមទឹក១០គ្រឿង និងថវិកា១០លានរៀល។ លេខ២ បានលើសហគមន៍បឹងលាជសំបូរផលខេត្តកំពង់ឆ្នាំង ទទួលបានប័ណ្ណសរសើរ គោយន្ត២គ្រឿង ម៉ាស៊ីនបូមទឹក៦គ្រឿង និងថវិកា៤លានរៀល។ លេខ៣ សហគមន៍កសិកម្មិកម្មលំពង់មានជ័យខេត្តតាកែវ ប័ណ្ណសរសើរ គោយន្ត១គ្រឿង ម៉ាស៊ីនបូមទឹក៤គ្រឿង និងថវិកា ៣លានរៀល។ លេខ៤ បានទៅសហគមន៍កសិកម្មព្រែកដាច់មានជ័យ ទទួលបានប័ណ្ណសរសើរ គោយន្ត១គ្រឿង ម៉ាស៊ីនបូមទឹក៤គ្រឿង និងថវិកា២លានរៀល និង លេខ៥ បានទៅសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ទទួលបានប័ណ្ណស រសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ១លានរៀល។ ចំពោះសមាជិកទាំង១២០នាក់ ដែលបានអញ្ជើញចូលរួមប្រកួតប្រជែងនេះ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល រួមទាំងការស្នាក់នៅ អាហារ និងការធ្វើដំណើរផងដែរ។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានជម្រាបជូនអង្គវេទិកាថា យោងតាមអនុសាសន៍របស់លោករដ្ឋមន្ត្រីដែលចង់ប្តូរកម្មវត្ថុ ពីវេទិកាប្រកួតប្រជែងកសិករឆ្នើម មកជាសហគមន៍កសិកម្មឆ្នើមវិញ ប្រយោជន៍ដើម្បីលើកទឹកចិត្តឲ្យកសិករប្រមូលផ្តុំកំលាំងផលិត ផ្តល់ឱកាសពង្រីកសក្តានុពលរបស់ខ្លួន មានអំណាច និងសំឡេងចរចារ បង្កើតទីផ្សារខ្លួនឯង ងាយទទួលយកបច្ចេកវិទ្យា ប្រើប្រាស់គ្រឿងយន្តកសិកម្មជាសមូលហភាព ងាយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
លោកបន្តថា នេះជាលើកទី៤ ហើយដែលអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំវេទិកានេះ ឡើងក្នុងគោលបំណង គឺដើម្បីធ្វើការប្រកួតប្រជែង និងជ្រើសរើសសហគមន៍កសិកម្មឆ្នើម ប្រចាំឆ្នាំទូទាំងប្រទេស រួចផ្តល់រង្វាន់លើកទឹកចិត្ត ជូនដល់សហគមន៍កសិកម្ម ដែលបានឈ្នះជ័យលាភី។
លោកបន្តទៀតថា សហគមន៍ដែលទទួលបានជ័យលាភី គឺសំដៅដល់សហគមន៍កសិកម្ម ដែលមានស្នាដៃល្អក្នុងការគ្រប់គ្រង មានគំនិតច្នៃប្រឌិតប្រកប ដោយភាពម្ចាស់ការជឿជាក់ ច្បាស់លាស់ក្នុងការប្រើប្រាស់បច្ចេក វិទ្យាកសិកម្មថ្មី សាមញ្ញ និងសមស្របទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែង។ មានការសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ រួចចែករំលែកជូនសហគមន៍កសិកម្មដទៃទៀត ក្នុងឆន្ទះតែមួយ គឺបង្កើន និងពង្រឹងសុខដុមនីយកម្មក្នុងសហគមន៍ បង្កើនផលិតកម្មក្នុងស្រុក ផលិតផលិតផលដែលមានគុណភាព សុវត្ថិភាព និងអនាម័យ រួមគ្នាលើកស្ទួយសុខភាពសាធារណ: បង្កើនចំណូលសហគមន៍ ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការនាំចូល។
លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ សហការរៀបចាំឲ្យមានវេទិកានេះឡើង និងបានកោតសរសើរ ចំពោះសហគមន៍កសិកម្មទាំងអស់ ដែលបានអញ្ជើញចូលរួមប្រកួត ប្រជែងរហូតទទួលបានជ័យជំនះ និងបានលើកទឹកចិត្ត និងគាំទ្រចំពោះសហគមន៍ ដែលបរាជ័យនាថ្ងៃនេះ ឲ្យខិតខំបន្ថែមទៀត ដោយនាំយកបទពិសោធន៍ មេរៀន និងមិត្តភាពល្អៗទៅជាមួយដើម្បីធ្វើការកែលម្អ ហើយសង្ឃឹមថាឆ្នាំបន្តបន្ទាប់នឹងទទួលបានជោគជ័យជាមិនខាន។
លោកបានបន្តទៀតថា វេទិកានេះពិតជាបានបង្ហាញឲ្យឃើញអំពីការចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្របតាមបរិបទសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន សាកលភាវូបនីយកម្ម ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ គោលដៅអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ច សង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។
លោករដ្ឋមន្ត្រីបន្តថា កត្តាទាំងនេះបាន និងកំពុងជំរុញឲ្យវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ ប្រជាកសិករ និងសហគមន៍កសិកម្ម ចូលរួមយ៉ាងសស្រាក់សស្រាំ បន្តអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន។ និយាយរួមវេទិកានេះ គឺជាឱកាស ឬជាស្ពានតភ្ជាប់រវាងតួអង្គបីសំខាន់គឺសហគមន៍ សហគ្រាសខ្នាតតូច និងមធ្យម (SME) និងវិស័យឯកជន តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម គុណភាព ការប្រើប្រាស់បច្ចេកវិទ្យាបៃតងសមស្រប ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល លើកកម្ពស់ការសម្រួលពាណិជកម្ម និងការទទួលបានទីផ្សារកសិផល ផ្ទេរបច្ចេកវិទ្យាដល់កសិករ សហគ្រាសខ្នាតតូច និងមធ្យមសម្រាប់ជាទុនក្នុង ការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សមស្របតាមស្តង់ដារទីផ្សារក្នុងតំបន់ ការប្រកួតប្រជែង និងគោលការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម។
លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីជំនាញ និងជាពិសេសដល់សហគមន៍កសិកម្ម ដើម្បីយកទៅគិតត្រិះរិះពិចារណា ច្នៃប្រឌិត បង្កើតបាននូវយុទ្ធសាស្រ្តដឹកនាំ និងអនុវត្តថ្មីៗបន្ថែមទៀត ដើម្បីអភិឌ្ឍន៍សហគមន៍កសិកម្ម ឲ្យមានការរីកចម្រើន និងទទួលបានជោគជ័យបន្តបន្ទាប់ ដែលខ្លឹមសារនៃជារួមទាក់ទងទៅនឹង៖
១៖ ការពង្រឹងសមត្ថភាពសហគមន៍ទាំងការដឹកនាំ គ្រប់គ្រង បច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុ និងឈានទៅជាសហគមន៍គំរូ។
២៖ ត្រូវធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្មទូទាំង ២៤ រាជធានី ខេត្តឡើងវិញ ហើយត្រូវពង្រឹងការដឹកនាំ និងសកម្មភាពឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។
៣៖ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានក្រោមច្បាប់ ផ្លាស់ប្តូរបទពិសោធន៍ ឈានទៅជាកសិធុរកិច្ច។
៤៖ សហគមន៍កសិកម្មដែលទទួលបានជ័យលាភី ត្រូវខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀត ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សហគមន៍ផ្សេងៗឲ្យបានទូលំទូលាយ។
៥៖ ក្រៅពីការងារកសិកម្ម គួរពិនិត្យលទ្ធភាពបង្កើតមុខរបរបន្ថែម ដូចជាកសិទេសចរណ៍ កសិពាណិជ្ជករដើម្បីបង្កើនចំណូល កាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ។
៦៖ លើកទឹកចិត្តដល់សហគមន៍ ដែលមិនបានទទួលជ័យលាភី ឲ្យខិតខំបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លូនឲ្យបានល្អប្រសើរ។
៧៖ រិះរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីនាំយកសហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពាណិជ្ជករមកជួបគ្នា ស្វែងរក ចរចារ ឬរកដំណោះស្រាយបញ្ហាសមស្រប និងឈានទៅអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា៕