(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងលោកស្រី នួម សោភ័ណ តំណាងរាស្រ្ត អមដំណើរដោយលោកស្រី សុង ផល្លីន សួន បវរ និងថ្នាក់ដឹកនាំជាក្រុមការងារ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាអគារសិក្សា១ខ្នងមាន ៥បន្ទប់ តម្លៃជាង២៤០លានរៀល នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង៥០០នាក់។
ក្នុងឱកាសនោះទាំងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានបន្ថែមថា សាលាដែលជាថ្នាលបណ្តុះវិជ្ជា បង្កើនធនធានមនុស្សសម្រាប់ជួយកសាងប្រទេសជាតិឲ្យមានការរីកចម្រើន ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ពង្រាយខិតទៅជិតផ្ទះផ្តល់ភាពងាយស្រួល ដល់កូនចៅប្រជាពលរដ្ឋយើងបានសិក្សារៀនសូត្រចេះដឹង មានការងារធ្វើ បង្កើនចំណូលគ្រួសាររស់នៅក្នុងជីវភាពធូរធា។
ជាមួយគ្នានេះ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានបន្ថែមទៀតថា ទន្ទឹមនឹងការរីកចម្រើន និងភាពសុខសាន្តរបស់ប្រទេសជាតិ សូមមាតាបិតាឆក់ចាប់យកឱកាសមាសនេះ ដោយបញ្ជូនកូនចៅទៅទទួលការសិក្សាឲ្យបានគ្រប់ៗគ្នា និងជួយសហការអប់រំកូនចៅឲ្យបានល្អ ហើយធានាថា កូនចៅបានរីកចម្រើនធំធាត់ជាមូយនឹងចំណេះវិជ្ជា ដោយមិនជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន/គ្រឿងស្រវឹង។
ជាវប្បធម៌ចែករំលែក លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន៖១.ប្រជាពលរដ្ឋចូលរួមទាំងអស់ ម្នាក់ៗទទួលបានសារ៉ុងមួយ, ២.លោកគ្រូអ្នកគ្រូ១៤នាក់ ម្នាក់ៗទទួលបានសារ៉ុងមួយថវិកា២ម៉ឺនរៀល, ៣. ពេទ្យចំនួន៦នាក់ ម្នាក់ៗសារ៉ុងមួយថវិកា២ម៉ឺនរៀល, ៤ ប៉ូលីស និងប្រជាការពារ២២នាក់ ម្នាក់ៗសារ៉ុងមួយ សិស្សានុសិស្ស២០០នាក់ម្នាក់ៗ ទទួលបានសាប៊ូដុសខ្លួនមួយដុំផងដែរ៕