(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យ លោក វិល័យ ឡាខាំហ្វង ( Vilay Lakhamephong) រដ្ធមន្រ្តីសន្តិសុខសាធារណរដ្ឋឡាវ ចូលជួបសម្តែងការគួរសម និងពិភាការងារ នៅវិមានសន្តិភាព។
បើតាមប្រសាសន៍ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបថា នៅក្នុងជំនួបនេះ លោក វីល័យ បានគោរពរាយការណ៍ជូន សម្តេចតេជោ អំពីការជួបពិភាក្សារបស់លោក ជាមួយសម្តេចក្រឡាហោម ស ខេង ដោយបានផ្លាស់ប្ដូរនូវព័ត៌មាន ក៏ដូចជាផ្លាស់ប្ដូរនូវបទពិសោធន៍មួយចំនួន ហើយក៏បានពិភាក្សា លើកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន ទី១.ការទប់ស្កាត់ ការជួញដូរគ្រឿងញៀន, ទី២.បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន, ទី៣.បញ្ហាកាប់ឈើខុសច្បាប់ និងទី៤.ការពង្រឹងសន្តិសុខ សុវត្ថិភាព តាមព្រំដែន និងធ្វើយ៉ាងណា សម្រួលឱ្យប្រជាជនទាំងសងខាង អាចធ្វើដំណើរឆ្លងកាត់ ធ្វើអាជីកម្មឆ្លងកាត់ តាមព្រំដែនបានស្រួល និងប្រកបដោយសុវត្ថិភាព។
ពីនោះទៅទៀត លោកក៏បានគោរពជម្រាបជូន សម្ដេចតេជោថា ការធ្វើទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ គឺឆ្លើយតបទៅនឹងអ្វី ដែលបានសម្រេចកន្លងមក ហើយកម្ពុជានិងឡាវ គឺត្រូវជួបគ្នាក្នុងមួយឆ្នាំម្ដង ដើម្បីពិភាក្សានិងពិនិត្យមើលអ្វី ដែលបានធ្វើកន្លងមក ហើយនិងដាក់ទិសដៅ សម្រាប់ធ្វើការងាររួមគ្នា ស្របតាមអ្វីដែលបានសម្រេច ដោយថ្នាក់ដឹកនាំទាំងសងខាង។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ លើអ្វីដែលបានពិភាក្សា និងឯកភាពជាមួយនឹង សម្ដេចក្រឡាហោម ស ខេង កន្លងមក ហើយក៏បានសម្តែង នូវការរីករាយផងដែរថា អ្វីដែលជាកិច្ចពិភាក្សា រវាងលោក វីល័យ និងសម្ដេចក្រឡាហោម គឺឆ្លុះបញ្ចាំងនូវទំនាក់ទំនង ពិសេសរវាងប្រទេសយើងទាំងពីរ នោះគឺជំនួបជាប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ពិនិត្យមើលលើអ្វី ដែលបានសម្រេចដោយថ្នាក់ដឹកនាំ ហើយអ្វីដែលត្រូវធ្វើបន្តទៀត។ ក្នុងន័យនេះ ដែលសម្ដេចក៏បានលើកទឹកចិត្ត ឱ្យមានកិច្ចពិភាក្សាបន្តទៀត ជាពិសេស កិច្ចពិភាក្សាសម្រួលការធ្វើពាណិជ្ជកម្ម របស់ប្រជាជនទាំងសងខាង នៅតាមព្រំដែន ហើយសម្ដេចក៏បានថ្លែង នូវក្ដីរីករាយផងដែរ លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលបានលើកឡើង លើបញ្ហាគ្រឿងញៀន៕