(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា នារីគឺជាកម្លាំងដ៏មុតស្រួច និងជាធនធានមនុស្សដ៏មានតម្លៃ ដោយមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាពបំផុត ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បានកំពុងរីកលូតលាស់គួរឲ្យកត់សម្គាល់ចំពោះនារីក្នុងការដឹកនាំនៅតាមស្ថាប័ននីមួយៗនោះ។
ថ្លែងក្នុងពិធីអបអរសារទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា នារីជាកងកម្លាំងនគរបាលជាតិ មិនត្រឹមតែបានបំពេញនូវកាតព្វកិច្ចចំពោះគ្រួសារ ក្នុងនាមជាមាតា ជាភរិយា ជាបងស្រី និងជាប្អូនស្រីប៉ុណ្ណោះទេ គឺថែមទាំងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កិច្ចការសង្គម ការងារគ្រប់គ្រង និងបម្រើសេវារដ្ឋបាលសាធារណៈនៅគ្រប់លំដាប់ថ្នាក់ ដោយទទួលលទ្ធផលគួរជាទីមោទនៈផងដែរ។
អគ្គស្នងការនគរបាលជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «នៅគ្រប់ដំណាក់កាលទាំងអស់ដែលប្រទេសជាតិ បានឆ្លងកាត់ប្រកបដោយឧបសគ្គ និងការអត់ធ្មត់នោះ យើងមិនអាចកាត់ផ្តាច់ បានពីការចូលរួមរបស់បងប្អូននារីបានឡើយ ពោលនារីជាដៃគូមិនអាចខ្វះបាន ដោយនារីបានប្រឡូកតស៊ូ និងឆ្លងកាត់ការលំបាកមិនខ្លាចការនឿយហត់ និងបានពលីកម្មក្នុងបុព្វហេតុជាតិ មាតុភូមិដូចបុរសដែរ។ ក្នុងន័យនេះបាន បញ្ជាក់ផងដែរថានារីក៏ជាកម្លាំងដ៏មុតស្រួច និងជាធនធានដ៏មានតម្លៃមិនអាចខ្វះបានក្នុងការចូលរួម ចំណែកអភិវឌ្ឍធនធានមនុស្សដើម្បី កសាងប្រទេសជាតិដ៏មានប្រសិទ្ធភាព»។
លើសពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានអំពាវនាវដល់គ្រប់នាយកដ្ឋាន អង្គភាព ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ បង្កើនការយកចិត្តទុកដាក់ចំពោះកងកម្លាំងនារី កាត់បន្ថយ និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវឥរិយាបទរើសអើងនារីភេទ ត្រូវបង្កើនជំនឿជឿជាក់ និងផ្តល់ឧត្តមភាពបន្ថែមទៀតជូនដល់នារី តាមរយៈការវាយតម្លៃ ប្រសិទ្ធភាពការងារដើម្បីរកឲ្យឃើញនូវកងកម្លាំងនគរបាលនារី ដែលពូកែមានស្នាដៃឆ្នើម សម្រាប់តម្លើងឋានៈ ក្នុងជួរដឹកនាំក៏ដូចជា តម្លើងឋានន្តរស័ក្តិ និងការលើកសរសើរជូនរង្វាន់ដល់ពួកគាត់ផងដែរ។
សូមជម្រាបថា ទិវាអន្តរជាតិនារី៨មីនា នៅក្នុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកយកប្រធានបទ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» សម្រាប់ដាក់ចេញជាសកម្មភាពគន្លឹះក្នុងការអនុវត្តគោនយោបាយជាតិ គាំពារសង្គមដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕