(ភ្នំពេញ)៖ លោក មាន សទិ សមាជិក គ.ជ.ប បានថ្លែងថា គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩។
ការលើកឡើងរបស់លោក មាន សទិ្ធ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា និងដោះស្រាយពាក្យបណ្តឹង
ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅសាលសន្និសីទ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។
ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន គណបក្សនយោបាយចំនួន៩ តំណាងស្ថានទូតជប៉ុន អង្គការមិនមែនរដ្ឋាភិបាលចំនួន១៧ អង្គភាពសារព័ត៌មានចំនួន៦ និងមន្ត្រី គ.ជ.ប សរុបចំនួន៨០នាក់។
លោក មាន សទ្ធិ បានបន្ថែមថា គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវចាប់ផ្តើមដាក់ពាក្យសុំចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅគណៈកម្មការរាធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) យ៉ាងតិច៨០ថ្ងៃ មុនកាលបរិច្ឆេទនៃការបោះឆ្នោត មានន័យថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា តើមានគណបក្សនយោបាយចំនួនប៉ុន្មាន នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា លោក កែវ ផល្លា ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ពន្យល់ថា គ.ជ.ប មិនអាចសន្និដ្ឋានបានថា មានគណប័ក្សនយោបាយចំនួនប៉ុន្មាន នឹងដាក់ពាក្យចូលរួមប្រកួតប្រជែងទេ ប៉ុន្តែមានគណបក្សនយោបាយចំនួន៤ តែងតែទាក់ទងមកមន្ត្រីជំនាញ ដើម្បីសួរព័ត៌មាន។ គណបក្សនយោបាយទាំង៤នោះរួមមាន ៖
* គណបក្សប្រជាជនកម្ពុជា
* គណបក្សហ៊្វុនស៊ិនប៉ិច
* គណបក្សខ្មែររួបរួមជាតិ
* គណបក្សយុវជនកម្ពុជា។
សូមជម្រាបជូនថា កាលបរិច្ឆេទនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត គ.ជ.ប មិនមែនជាអ្នកកំណត់ទេ គឺអាស្រ័យទៅលើនីតិវិធីនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា និងដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចប់ជាផ្លូវការ ទៅតាម គធ.ខប នីមួយៗ៕