(កណ្តាល)៖ ក្រសួងពាណិជ្ជកម្ម គ្រោងនឹងដាក់សំណើជូនប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្កើតគម្រោងមេ (Pilot Project) រួមមានទាំងផ្នែករឹង និងផ្នែកទន់ សម្រាប់ជួយពង្រឹងសិ្ថរភាពទីផ្សារ និងតម្លៃកសិផលជូនប្រជាកសិករដែលជាអ្នកផលិត។ នេះបើតាមការអះអាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តកណ្តាល នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ផ្នែករឹង សំដៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធឡសម្ងួត ដើម្បីរក្សាទុកកសិផលកុំឱ្យខូច ចំណែកឯផ្នែកទន់ សំដៅលើការទទួលទិញកសិផលពីប្រជាកសិករទៅតាមតម្លៃទីផ្សារ ហើយថវិកាជាតិ គឺជាប្រភពទុនសម្រាប់អនុវត្តគម្រោងមេ។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បានកំពុងសហការជាមួយមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) ធ្វើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃផលិតផលចំនួន៥ ដូចជា ស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសូត្រប្រណិត។ គម្រោងនេះ រួមជាមួយគម្រោងមេខាងលើ នឹងជួយលើកកម្ពស់ជីវភាពប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជនបទ ប្រកបដោយបរិយាប័ន្ន ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
សូមជម្រាបថា ដើម្បីសម្រួលដល់ការតាមដានវឌ្ឍនភាពការងារ នៅតាមមន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារថ្នាក់ជាតិ ដឹកនាំរដ្ឋលេខាធិការចំនួន ២រូប។ ក្រុមការងារថ្នាក់ជាតិនេះ នឹងចុះពិនិត្យមើលការបំពេញភារកិច្ចទូទៅរបស់មន្ទីរពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការអនុវត្តគម្រោង AIMS នៅតាមមជ្ឈមណ្ឌលភូមិភាគទាំងបី (ខេត្តតាកែវ, ខេត្តកំពង់ចាម និងខេត្តបាត់ដំបង) ផងដែរ៕