(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ ចេញសេចក្តីជូនដំណឹងថា រដ្ឋសភានៃកម្ពុជា នឹងធ្វើការជ្រើសតាំងឥស្សរជន១រូប ក្នុងតំណែងជា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញាអាណត្តិថ្មី សម្រាប់អាណត្តិ៩ឆ្នាំ (ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៨)។
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន ជារាងរាល់ថ្ងៃ ពេលព្រឹកចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ង១១៖៣០នាទី និងពេលល្ងាចចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥៖៣០នាទីល្ងាច នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ចំពោះកាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩៕