(ឧត្ដរមានជ័យ)៖ មន្រ្ដីនគរបាលបំរើការងារនៅអង្គភាពវរការពារព្រំដែនគោកលេខ៩០៥ ចំនួន២រូប និងបក្ខពួកជាក្មេងស្ទាវជិត១០ បានព្រួតគ្នាវាយយុវជនម្នាក់ ស្ទើរស្លាប់ស្ទើរស់ រហូតរងរបួសហើម ហើមមុខ ហើមភ្នែក និងឈាមឡើងពេញគ្រប់ភ្នែក។
អំពើហិង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងរោងកម្មវិធីឡើងគេហដ្ឋានមួយកន្លែង ស្ថិតនៅភូមិអូតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ជនរងគ្រោះឈ្មោះ ឃឹម ឃាង អាយុ១៨ឆ្នាំ រស់នៅ ភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ប្រជាការពារភូមិអូតាម៉ែង ដែលនៅក្នុងហេតុការបានឲ្យដឹងថា ជនបង្ករឈ្មោះ ទី១ ឈ្មោះ ង៉ោល សុភណ្ឌ័ ហៅចំរើន ទី២ ឈ្មោះ ឌៀ ជាមន្រ្ដីនគបាលវរការពារព្រំដែនគោកលេខ៩០៥ នៃស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យ និងជនបង្កជាបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ាន់ និងបក្ខពួកជិត១០នាក់ទៀត ដែលមិនបានស្គាល់ឈ្មោះ។
ប្រជាការពារភូមិ បានបញ្ជាក់បន្ដថា ក្រុមជនដៃដល់ជាមន្រ្ដីនគរបាលសាហាវៗខ្លាំងណាស់។ ពួកគាត់ជាសន្តិសុខក្នុងភូមិ៤ ទៅ៥នាក់ ចូលឃាត់ក៏មិនឈ្នះដែរ គាត់សូមអំពាវនាវដល់អ្នកច្បាប់ ជួយចាត់វិធានការតាមច្បាប់ផង។
ជនរងគ្រោះបានឲ្យដឹងនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុរូបគាត់ បានហូបចុកក្នុងកម្មវិធីឡើងគេហដ្ឋាន នៅភូមិឃុំខាងលើ ពេលកំពុងហូបចុក គាត់បានក្រោកដើរចេញ ពីតុដែលខ្លួនអង្គុយ ទៅរកជល់កែវមិត្តភ័ក្រ ក៏បានក្រពុបទឹកកូ្រច អ្នកអង្គុយជិតស្រក់ទៅលើតុមន្រ្ដីនគរបាល ង៉ោល សុភណ្ឌ័ ហៅចំរើន អង្គុយ ហើយខ្លួនក៏បានលើកដៃសំពះសុំទោស និងជួយរកតុថ្មីប្ដូរឲ្យរួចហើយដែរ។
ស្រាប់តែពេលរូបគាត់ចូលរាំលេងបានបន្តិច ស្រាប់តែមន្ដ្រីនគរបាលរូបនេះ បានលោតទៅដាល់គាត់ចំភ្នែកតែម្ដង និងមានបក្ខពួកជិត១០នាក់ ព្រួតគ្នាវាយគាត់បន្ថែមទៀត ស្ទើស្លាប់ស្ទើរស់ កុំតែបានប្រជាការពារភូមិជួយ ឃាត់ខំអីប្រហែលអាចនឹងស្លាប់បាត់បង់ជីវិត។
លោក ង៉ោ សុភណ្ឌ័ ហៅ ចំរើន ដែលជាជនដៃដល់បានឆ្លើយថា យុវជនខាងលើនេះ ឈ្លើយពេកទើបលោកវាយ ព្រោះគេស្រវឹងស្រា និងរំខាន់គេ ហើយស្រាក្រឡុកខ្ទាតលើគេ លើឯងក្នុងកម្មវិធី និងរាំមិនសុភាពដូចគេឯង៕