(ភ្នំពេញ)៖ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ជនត្រូវចោទ២នាក់ប្តី-ប្រពន្ធ ជាមេការហាងកាត់សក់យីហោ «លីណា» ដែលលួចបង្កប់សេវាផ្លូវភេទ ជាបណ្តោះអាសន្នរង់ចាំបន្តនីតិវិធីនាពេលក្រោយ។
ជនត្រូវចោទទី១ ឈ្មោះ លឹម ជីណាម អាយុ៣៧ឆ្នាំ ជាប្រពន្ធ និងទី២ឈ្មោះ មិត្ត ចិន្ថា ហៅច័ន្ទ អាយុ៣៧ឆ្នាំ ជាប្តី ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទ «សញ្ចារកម្ម» យោងតាមមាត្រា ២៦ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
គួររំលឹកថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ខាងលើ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាត់សក់យីហោ «លីណា» មានទីតាំងផ្ទះលេខ៨៤ ផ្លូវ៦៣ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ សមត្ថកិច្ចបានជួយសង្គ្រោះ នារីរងគ្រោះចំនួន០៧នាក់៕