(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានឲ្យដឹងថា នៅមនី្ទរពេទ្យកាល់ម៉ែតមានស្រ្តីបម្រើការងារចំនួន៨៦៧នាក់ នៃបុគ្គលិកសរុប១៥៦៨នាក់ ដែលចំនួននេះស្មើនឹង៥៥% នៃចំនួនបុគ្គលិកទាំងអស់ បំពេញការងារនៅផ្នែកនានា មានគ្រប់តួនាទី និងគ្រប់ជំនាញ។
ការថ្លែងរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងពិធីអបអរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់យេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដែលគណៈកម្មការនារី រួមសហការជាមួយសហជីពមនី្ទរពេទ្យ បានបា្ររព្ធពិធីនេះឡើង ស្របពេលដែលក្នុងពិភពលោកប្រារព្ធធ្វើដូចគ្នា។
សាស្រ្តាចារ្យ បានបន្តថា នៅទូទាំងសកលលោក ក៏ដូចជានៅកម្ពុជានៅថ្ងៃទី៨ មីនា ជារៀងរាល់ឆ្នាំ តែងតែប្រារព្ធទិវានារីនេះឡើង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពិសេសនយោបាយឈ្នះ-ឈ្នះ របស់សម្តេចបាននាំឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ សមត្ថភាពយេនឌ័រ ត្រូវបានលើកតម្កើងឲ្យមានសិទ្ធិពេញលេញ ផ្តល់តម្លៃឲ្យស្ត្រីនូវសិទ្ធសមធម៌ មានឱកាសដូចគ្នាជាមួយនឹងបុរស ទាំងឋានៈ និងតួនាទី និងសេរីភាព ក៏ដូចជា ការផ្តល់ឱកាសជូនស្រ្តី ចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងក្រសួង មន្ទីរ ស្ថាប័ន និងអង្គការសង្គមនានាថែមទាំងចាត់ទុកស្រី្តជាឆ្អឹងខ្នង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជាឲ្យមានភាព ជឿនលឿនដូចបណ្តាប្រទេសមួយចំនួននៅលើសកលលោក។
ទន្ទឹមគ្នានោះដែរលោកស្រីវេជ្ជបណ្ឌិត អ៊ឹម សិទិ្ធកា ប្រធានអ៊ុយនីតេ ប្រពោធនកម្មទារក បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គល ក្នុងទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ បានរំលេចពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដែលជាផែនទីផ្តោតលើសសរស្តម្ភចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
ប្រព័ន្ធទាំងពីរ មានសារៈសំខាន់ចំពោះសង្គម ដោយឆ្លើយតបទៅនឹងគ្រោះអាសន្ន ការអភិវឌ្ឍមូលធនមនុស្ស ឲ្យមានជំនាញ និងចំណេះដឹងស្របទៅតាមការវិវឌ្ឍន៍របស់សង្គម សុខុមាលភាពសម្រាប់ ប្រជាជនងាយរងគ្រោះ ព្រមទាំងគិតគូរទៅលើការថែទាំសុខភាព ហានិភ័យការងារ និងពិការភាព ព្រមទាំងសោធននិវត្តន៍ពេលវ័យចាស់។ នេះជាលទ្ធផលដ៏វិជ្ជមាន នៃការអនុវត្តគោល នយោបាយជាតិ ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់នាំមកនូវភាព រីកចម្រើនថ្កុំថ្កើងនាថ្ងៃនេះ៕