(កំពង់ធំ)៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈគ្រប់មុខ បានដឹកនាំក្រុមការងារ នាំយកទឹកបរិសុទ្ធកម្ពុជាចំនួន ១០,០០០កេស ទៅចែកជូនប្រជាពលរដ្ឋចំនួន២,៤១១គ្រួសារ ពី១១ភូមិ ក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីចែកទឹកបរិសុទ្ធកម្ពុជាជូនប្រជាពលរដ្ឋដែលកំពុងខ្វះទឹកស្អាតប្រើប្រាស់ ត្រូវបានប្រារព្ធឡើងប្រកបដោយក្តីសោមនស្សរីករាយក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងប្រជាពលរដ្ឋមកពី១១ភូមិនៃឃុំម្សាក្រង។
បន្ថែមពីលើទឹកបរិសុទ្ធចំនួន១០,០០០កេស សម្រាប់ពិសា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏នាំយកឡានដឹកទឹកស្អាត ដែលនឹងប្រតិបត្តិការចំនួនបីថ្ងៃ ចាប់ពីថ្ងៃនេះតទៅ ដើម្បីដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋគ្រប់គ្រួសារទុកប្រើប្រាស់ប្រចាំថ្ងៃ ដូចជាចម្អិនអាហារ និងងូតជាដើម។
លោកឧកញ៉ា លាង ឃុន បានថ្លែងថា «ថ្ងៃនេះយើងក៏មានវត្តមានដៃគូពាណិជ្ជកម្មរបស់យើង ដូចជាអ្នកចែកចាយ (ដេប៉ូ) អ្នកលក់ដុំ និងក្រុមការងារផ្នែកលក់ប្រចាំខេត្តកំពង់ធំ ចូលរួមកម្មវិធីសប្បុរសធម៌នេះផងដែរ។ យើងខ្ញុំសង្ឃឹមថា វត្តមាននិងការចូលរួមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់យើងក្នុងថ្ងៃនេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ១០០%ពិតៗ ក្នុងការចូលរួមចំណែកជាមួយអជ្ញាធរខេត្ត និងមូលដ្ឋានក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន»។
ដោយមានការសហការយ៉ាងយកចិត្តទុកដាក់ ពីអជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកចែកចាយ (ដេប៉ូ) ស្រាបៀរកម្ពុជា និងភេសជ្ជៈគ្រប់មុខរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រចាំខេត្តកំពង់ធំ ទឹកសុទ្ធ១០០០០កេសត្រូវបានដឹកជញ្ជូនដល់ទីតាំងប្រជុំជនរបស់ឃុំទាន់ពេលវេលា និងរៀបចំប្រកបដោយភាពម៉ត់ចត់ ដើម្បីចែកជូនឲ្យដល់ដៃប្រជាពលរដ្ឋគ្រប់គ្រួសារ ៕