(កំពង់ចាម)៖ បន្ទាប់ពីបានដឹងដំណឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពិសី បានធ្វើអត្តឃាតដោយខ្លួនឯង ជាមួយកាំភ្លើង AK ព្រោះតែតូចចិត្តមានជំងឺប្រចាំកាយ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធទើបសម្រាលកូនបាន៣ខែ, លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ និងលោកស្រី អ៊ុក ម៉ាលី បានចាត់ចែងភ្លាមៗដោយតំណាងទៅចូលរួមរំលែកទុកដ៏ក្រៀមក្រំ និងចូលបុណ្យដល់គ្រួសារសព ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកអភិរងស្រុកជើងព្រៃ បានពាំនាំនូវការសោកស្តាយបំផុត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ លោកបណ្ឌិត ម៉ា ឈឿន និងភរិយា ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ក៏បានលើកទឹកចិត្តដល់ប្រពន្ធជាគ្រួសារសព ត្រូវរឹងមាំឡើង ហើយបន្ដជីវិតនៅមុខទៀត ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតឲ្យបានប្រសើរ ដើម្បីទំនុកបម្រុងកូនកំសត់មួយនេះ ឲ្យបានល្អ ។ទន្ទឹមនឹងនោះ លោកបណ្ឌិត ម៉ា ឈឿន និងភរិយា ក៏បានចូលបុណ្យសពនូវបច្ច័យចំនួន ១លានរៀល អង្ករ ១០០គីឡូក្រាម ផងដែរ។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណដល់តំណាងរាស្ដ្រកំពង់ចាម និងភរិយា ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលមានទុក្ខលំបាក។
សូមជម្រាបថា លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពិសី បានសម្រេចចិត្តធ្វើអត្តឃាតដោយខ្លួនឯងជាមួយកាំភ្លើង AK កាត់ស្វាយបាញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ ចំលើស្នៀតផ្កាខាងស្តាំបណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនភ្លាមៗ ព្រោះតែតូចចិត្តមានជំងឺប្រចាំកាយ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធទើបសម្រាលកូនបាន៣ខែ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃចារ ដែលស្ថិតនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
គួររម្លឹកថា លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពិសី ត្រូវបានប្រជាពលរដ្ឋក្នុងឃុំព្រៃចារ ស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ក៏ព្រោះតែមន្ដ្រីរូបនេះ មានអត្ដចរិកស្លួតបូត និងចេះជួយយកអាសាគេឯង តែមិនគួរណាគាត់គិតខ្លីបែបនេះសោះ។ អ្វីដែលធ្វើឲ្យមហាជនស្រណេះទៀតនោះ គឺលោក ស៊ុន ចាន់ពិសី មាន់ភរិយាដែលទើបសម្រាលកូនបាន៣ខែប៉ុណ្ណោះ៕