(កណ្តាល)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មទាំងអស់ ចូលរួមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលគាំទ្រដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាកសិករដែលជាអ្នកផលិតតាមរយៈការតភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ និងប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារថ្មីបន្ថែមទៀត ដើម្បីជួយដល់អ្នកផលិតទាំងអស់ ធ្វើការលក់ផលិតផលបានកាន់តែច្រើន។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើងកាលពីព្រឹកថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងផ្លូវការរបស់លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលថ្មី ជំនួសលោក ឃឹម សុផល (ចូលនិវត្តន៍) ដែលរៀបចំឡើងនៅរដ្ឋបាលសាលាខេត្តកណ្តាល ក្រោមវត្តមានចូលរួមពី ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីពាណិជ្ជកម្ម ប្រមាណជាង ២០០នាក់។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា «ការងារនេះ មិនមែនជាការងារបន្ថែមទេ គឺត្រូវបញ្រ្ជាបចូលទៅក្នុងការងារស្នូលរបស់មន្ទីរទាំងអស់ ដើម្បីជាបទពិសោធន៍មួយថ្មី សម្រាប់មន្ទីរពាណិជ្ជកម្មរបស់យើង ក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន»។
ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត ដើម្បីបង្កើនផលិតភាពសម្រាប់ផលិតផលនៅក្នុងខេត្ត និងធ្វើការតភ្ជាប់ផលិតកម្មទាំងនោះទៅនឹងទីផ្សារ សំដៅធានាបានស្ថិរភាពចង្វាក់ផលិតកម្ម និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ ដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ដកណ្តាល ដែលបានចំណាយពេលវេលាជាច្រើនក្នុងការដឹកនាំមន្ទីរ ឱ្យក្លាយទៅជាអង្គភាពមួយ ទទួលបានការគាំទ្រពីសាធារណជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់ ព្រមទាំងបានថ្លែងអំណរគុណអាជ្ញាធរខេត្ដកណ្តាល ដែលកន្លងមកតែងផ្ដល់កិច្ចសហការល្អ និងតែងគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ ដូចជាចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន-សហគ្រាស តាមដានស្ថានភាពថ្លៃទំនិញ និងត្រួតពិនិត្យគុណភាពទំនិញ ចុះឃ្លាំមើលទីផ្សារ និងផ្សព្វផ្សាយអំពីច្បាប់ ព្រមទាំងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចផ្សេងៗ ជាដើម។ល។
បន្ថែមលើនោះ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗជូនខេត្ត និងក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ដល់ប្រធានមន្ទីពាណិជ្ជកម្មថ្មី ដូចខាងក្រោម៖
• ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន ខិតខំសិក្សារៀនសូត្រជំនាញភាសាបរទេស និងកំព្យូទ័រ ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថលថ្មី
• ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងគណៈអភិបាលខេត្ដ ។
• ត្រូវចេះសម្របសម្រួលរាល់បញ្ហារបស់អង្គភាព និងចេះធ្វើទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ដើម្បីដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍ច្បាប់។
• ត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលនៅជុំវិញខ្លួន ដោយមិនរើសអើង មិនប្រកាន់បក្សពួកធ្វើយ៉ាងណា ផ្ដល់ភាពកក់ក្ដៅដល់សហការី និងចេះផ្ដល់ឱកាសដល់មន្រ្តីក្រោមឱវាទ បានចូលរួមបញ្ចេញមតិ ជួយយើងក្នុងការសម្រេចកិច្ចការទូទៅ ត្រូវគោរពតាមឋានានុក្រមការងារ៕