(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានផ្តល់អនុសាសន៍ដល់អភិបាលរងស្រុកជើងព្រៃ ដែលទើបបានប្រកាសតែងតាំងថ្មី ឲ្យមានការសាមគ្គីភាពផ្ទៃក្នុងអង្គភាទៅតាមឋានានុក្រម ព្រមទាំងត្រូវមានគំនិតផ្តួចផ្តើម ប្រកបដោយមនសិការការងារខ្ពស់ មានតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុកជើងព្រៃ ដោយមានការអញ្ជើញចូលរួម សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំស្រុក និងមន្រ្តីរាជការមួយចំនួនទៀត។
លោក ជិន ហ៊ុ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃ ជំនួសលោក កិម នឿន ដែលត្រូវចូលនិវត្តន៍។
ក្នុងឱកាសនោះលោក គួច ចំរើន បានថ្លែងកោតសរសើរចំពោះសកម្មភាពការងារដឹកនាំ និងការអភិវឌ្ឍស្រុកជើងព្រៃលើគ្រប់វិស័យ ទាំងការដោះស្រាយកិច្ចការនៅក្នុងអង្គភាព. ការផ្តល់សេវាសាធារណៈ, សេវារដ្ឋបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទទួលបាន លទទួលបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យអភិបាលរងស្រុកជើងព្រៃ ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងត្រូវមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់លើការសម្របសម្រួលដោះ ស្រាយបញ្ហការងារ ប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ការកំណត់ទិសដៅ ផែនការច្បាស់លាស់ ព្រមទាំងត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងលទ្ធភាពទេពកោសល្យ លើគុណភាពការងារ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារដែលខ្លួនកំពុងបំពេញតួនាទីផងដែរ៕