(ភ្នំពេញ)៖ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូររិទ្ធ បានថ្លែងថា ការអនុវត្តគោលនយោបាយគាំពារនិយម របស់សហរដ្ឋអាមេរិក បានបង្កឲ្យមានជម្លោះពាណិជ្ជកម្មយ៉ាងខ្លាំង ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ជាពិសេសជាមួយនឹងប្រទេសចិន។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីសន្និបាតប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការអនុវត្តនយោបាយគាំពារនិយម របស់សហរដ្ឋអាមេរិក បានបង្កឲ្យមានជម្លោះពាណិជ្ជកម្មយ៉ាងខ្លាំងក្លា ជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសជាមួយនឹងចិន។ តំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលមានការលូតលាស់សេដ្ឋកិច្ចដ៏ស្វាហាប់នោះ បានស្ថិតនៅចំកណ្តាល នៃការប្រកួតប្រជែងរបស់មហាអំណាចធំៗ ដែលស្តែងឡើងតាមការប្រជែងគ្នា រវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន និងយុទ្ធសាស្រ្ត «ឥណ្ឌូ ប៉ាស៉ីហ្វិក» របស់អាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី»។
លោកបន្តថា «អាស៊ាន និងតំបន់ទន្លេមគង្គ ក៏ទទួលរងឥទ្ធិពល និងសម្ពាធពីការប្រកួតប្រជែងនេះដែរ ដែលនាំឲ្យប្រទេសសមាជិកអាស៊ានទាំងអស់ ផ្តោតសារៈសំខាន់ ក្នុងការរក្សាមជ្ឈភាពរបស់សហគមន៍ខ្លួន»។
ទន្ទឹមនឹងនេះ ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម (INF) កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូអន្តរ-ប៉ាស៉ីហ្វិក (TPP) ជាពិសេស ការដកខ្លួនចេញរបស់សហរដ្ឋ-អាមេរិក ពីអង្គការអន្តរជាតិសំខាន់ៗ ដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប (UNHRC) និងអង្គការយូណេស្កូ (UNESCO) ព្រមទាំងការគំរាមដកខ្លួន ចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់របៀបរបបអន្តរជាតិ និងប្រព័ន្ធពហុភាគីនិយម ក៏ដូចជាកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការរក្សាការពារ សន្តិភាព និងសន្តិសុខ និងកិច្ចអភិវឌ្ឍ ក្នុងពិភពលោក។
ជាការគួរឲ្យកត់សម្គាល់ ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់មហាអំណាចខ្លះ និងសម្ព័ន្ឋមិត្ត ក្រោមផ្លាកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស បានរុញច្រានប្រទេសមួយចំនួន ឲ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ធ្វើឲ្យប្រជាជនរងទុក្ខវេទនា ជាពិសេស នៅ ស៉ីរី យេមែន លីប៊ី អ៊ីរ៉ាក់។ ហើយថ្មីៗនេះ កំពុងគំរាមកំហែងដល់សន្តិភាព សន្តិសុខ នៃប្រទេស វេណេហ្ស៊ុយអេឡា។ នៅតាមតំបន់នានា ជាពិសេសនៅអាហ្វ្រិក អាស៉ី និងមជ្ឈិមបូពា៍ នៅមិនទាន់រលត់ ឥណ្ឌានិងប៉ាគីស្ថាន ប៉ះទង្គិចគ្នា ដោយជម្លោះ កាស្មៀរ ឯបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតែបន្តជាប់ផុងក្នុងជម្លោះជាតិសាសន៍ និងទឹកដីរកទីបញ្ចប់មិនឃើញ។ នេះបើយោងតាមរដ្ឋលេខាធិការក្រសួងការបរទេស បានបញ្ជាក់បន្ថែម។
បើតាមលោក អ៊ុច បូររិទ្ធ, ក្រៅពីការគំរាមកំហែងជាប្រពៃណី ពិភពលោកសព្វថ្ងៃ ក៏កំពុងប្រឈមនឹងការគំរាមកំហែង មិនប្រពៃណីធំៗ ដូចជា ការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណែត ឧក្រិដ្ឋកម្មឆ្លងដែន លំហូរជនភៀសខ្លួន និងភេរវកម្ម ជាដើម។ ការខិតខំប្រឹងប្រែងរួមរបស់សកលលោក ក្នុងការទប់ស្កាត់និងលុបបំបាត់ គ្រោះគំរាមកំហែងអស់ទាំងនេះ គឺនៅមានកម្រិត ដោយសារតែមានការខ្វែងគំនិតគ្នា ផ្នែកនយោបាយ និងទំនាស់ផលប្រយោជន៍។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា តំបន់អាស៉ី-ប៉ាស៉ីហ្វិក នឹងនៅតែជាចំណុចកណ្តាល នៃការប្រកួតប្រជែងរបស់មហាអំណាចធំៗ។ ការងើបឡើងរបស់បណ្តាប្រទេសនៅអាស៉ី នាំមុខដោយចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអាស៊ាន កំពុងធ្វើឲ្យជញ្ជីងអំណាចផ្អៀង ពីភាគខាងលិចមកភាគខាងកើត។ អាស៊ាននឹងបន្តជាគម្រូ នៃសមាហរណកម្មប្រកបដោយជោគជ័យផង ជាកម្មវត្ថុនៃការចង់ភ្ជាប់ភាពជាដៃគូជាមួយផង និងក៏ជាកន្លែងដែលទទួលរងឥទ្ធិពល និងសម្ពាធពីការប្រកួតប្រជែងនោះផង។
លោកបន្តថា ការប្រកួតគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៉ីហ្វិកសេរី និងបើកចំហដែលកំពុងលេចចេញ ជារូបរាងរបស់អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទី្វបកូរ៉េ និងបញ្ហាជាច្រើនទៀត នឹងធ្វើឲ្យអាស៉ី-ប៉ាស៉ីហ្វិក បន្តនៅជាតំបន់ដ៏ក្តៅ រំជើបរំជួល ប្រែប្រួលឆាប់រហ័ស។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា៖ «ក្នុងបរិបទនេះហើយ ដែលសន្និបាតរបស់យើងត្រូវរួមគ្នាពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់ ដើម្បីស្វែងយល់ពីយថាភាព នៃការវិវត្តទៅមុខនៃសភាពការណ៍តំបន់ និងពិភពលោក ផលប៉ះពាល់ទាំងឡាយ មកលើតំបន់និងកម្ពុជាផ្ទាល់»៕