(ភ្នំពេញ)៖ អេស៊ីលីដា បានរួមចំណែកផ្តល់ភាពងាយស្រួលយ៉ាងច្រើន ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិសេសសម្រួលដល់ការងារ ផ្នែកសេវាហិរញ្ញវត្ថុសាធារណៈមួយចំនួន ដូចជាការបើកប្រាក់បៀវត្សរ៍ បង់ថ្លៃទឹកភ្លើង និងបង់ពន្ធផ្សេងៗជាដើម។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលី ភីអិលស៊ី បានថ្លែងថា ធនាគារអេស៊ីលីដា គឺជាធនាគារមួយ ក្នុងចំណោមធនាគារ ៤ឬ៥ ផ្សេងទៀត ដែលអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសធ្វើជាដៃគូ ក្នុងការបំរើសេវាបង់ពន្ធផ្សេងៗ ដោយពលរដ្ឋអាចបង់ពន្ធចលនទ្រព្យ និងអចលនទ្រព្យ បាននៅគ្រប់បញ្ជររបស់ធនាគារអេស៊ីលីដា។
លោកបណ្ឌិត បានបន្តថា ពលរដ្ឋក៏បានប្រើប្រាស់អេស៊ីលីដាយូនីធីទាន់ចិត្ត ក្នុងការជួយកាត់បន្ថយការចំណាយពេលវេលា ដោយអាចបង់នៅទីណាក៏បានហើយមិនពិបាកក្នុងការកាន់សាច់ប្រាក់សុទ្ធមកកាន់ធនាគារនោះទេ ព្រោះថាការបង់ពន្ធត្រូវធ្វើឡើងជាប្រាក់រៀល។ ក្រៅពីនេះ អេស៊ីលីដាក៏បានផ្តល់ភាពងាយស្រួលក្នុងការបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម ដែលត្រូវធ្វើការបើកប្រាក់បៀវត្សរ៍ ២ដងក្នុង១ខែ។
ក្រៅពីជួយសម្រួលបានច្រើន ក្នុងវិស័យរដ្ឋហើយ អេស៊ីលីដា ក៏បានសម្រួលដល់ការបើកប្រាក់បៀវត្សរ៍របស់កម្មករកម្មការិនី នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ ដោយបានចុះអនុស្សារណៈ ជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា ដែលមានរោងចក្រប្រមាណជាង៦០០រោងចក្រ។ តែមុននឹងធ្វើការចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគម ធនាគារនេះ ក៏បានធ្វើការងារលើការបើកប្រាក់បៀវត្សរ៍ជាមួយរោងចក្រប្រមាណជាង២៥០រោងចក្ររួចមកហើយដែរ។
ប្រធាននាយកប្រតិបត្តិធនាគាររូបនេះ បានបន្ថែមថា កាលពីមុនត្រូវចំណាយពេល រហូតដល់មួយម៉ោង ដើម្បីបញ្ជូលទិន្នន័យនៅក្នុងគណនីនីមួយៗ តែបច្ចុប្បន្ននេះ មានការផ្លាស់ប្តូរច្រើន គឺលឿនជាងមុន ដែលចំណាយពេលតែ៥ទៅ៦នាទី អាចដំណើរការទិន្នន័យនៅក្នុងគណនីដល់ទៅ ៣០ម៉ឺនគណនីឯណោះ ដោយសារតែការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។
បើទោះបីជាអេស៊ីលីដា បានចាប់ផ្តើមប្រែក្លាយធនាគាររបស់ខ្លួន ឲ្យទៅធនាគារឌីជីថលក៏ដោយ ក៏ថ្នាក់ដឹកនាំធនាគារនេះ មិនមានគម្រោងកាត់បន្ថយបុគ្គលិករបស់ខ្លួនដែរ គឺមានតែបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់ធនធានមនុស្សដែលស្រាប់ ឲ្យចេះគ្រប់គ្រងលើប្រព័ន្ធបច្ចេកវិទ្យាទាំងនោះ។ ទាំងនេះគឺជាអ្វីដែលអេស៊ីដា បានរួមចំណែកជាមួយនឹងវិស័យសាធារណៈ និងវិស័យឯកជន៕