(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តអានហួយ ប្រទេសចិន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្រសួងអប់រំ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិសយ័អប់រំកាយ និងកីឡា។
ជាក់ស្ដែង ការដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចសិក្សាក្នុងខេត្តអានហួន ប្រទេសចិន ក្នុងគោលបំណងធ្វើជាធាតុចូលសម្រាប់ដកពិសោធន៍ អភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា។
ក្រៅពីនេះ ក្នុងហេតុផល ដើម្បីសិក្សាអំពីយន្តការផ្សព្វផ្សាយអប់រំ ប្រឆាំងគ្រឿងញៀនខុសច្បាប់ និងអំពើជួញដូរមនុស្សផងដែរ។
ពាក់ព័ន្ធនឹងអនុវិស័យអប់រំកាយ និងកីឡា គណៈប្រតិភូកម្ពុជា បានទៅទស្សនកិច្ចសិក្សាតាមមត្តេយ្យសិក្សា បឋមសិក្សា អនវិទ្យាល័យ និងថ្នាក់វិទ្យាល័យ សរុបចំនួន៤សាលា ក្នុងស្រុកលីងពី ព្រមទាំងជួបពិភាក្សាការងារអនុវិស័យអប់រំកាយ និងកីឡា ជាមួយអាជ្ញាធរទទួលបន្ទុកវិស័យក្នុងខេត្តអានហួយផងដែរ។
ក្នុងនោះ ក្រុមការងារ បានពិនិត្យមើលការអនុវត្តម៉ោងអប់រំកាយ និងកីឡារបស់សិស្សចិនជាក់ស្ដែង ព្រមទាំងចុះពិនិត្យផ្ទាល់តាមបន្ទប់សិក្សារបស់សិស្សានុស្សិសគ្រប់កម្រិត ដោយមានថ្នាក់ដឹកនាំ សាលានីមួយៗ ឧទ្ទេសនាមពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ទន្ទឹមនឹងនេះ គណៈប្រតិភូកម្ពុជា ក៏បានទៅកាន់អធិការដ្ឋាននគរបាល និងការិយាល័យសន្តិសុខប្រចាំស្រុកលីងពីផងដែរ ដើម្បីឈ្វេងយល់អំពីការគ្រប់គ្រងបញ្ហាសន្តិសុខទូទៅ បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស។ ថ្នាក់ដឹកនាំអង្គភាពទាំងពីរ បានបង្ហាញអំពីផែនការសន្តិសុខគោលៗ យន្តការ វិធីសាស្ត្រ យុទ្ធវិធី ការចាត់នីតិវិធី ឧបករណ៍ មធ្យោបាយ ក្នុងប្រតិបត្តិការការងារ សន្តិសុខប្រចាំថ្ងៃ អមដោយការពិភាក្សាសួរដេញដោលពីសំណាក់គណៈប្រតិភូកម្ពុជា។
ក្រៅពីទស្សនកិច្ច ក្នុងនាមស្ថាបនិកអាហារូបករណ៍ស សុខា, លោកបានដឹកនាំក្រុមកាងារជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សកលវិទ្យាល័យហឺហ្វីយ៍ ប្រចាំខេត្តអានហួយ និងចូលរួមពិធីបើកបវេសនកាលនិសិ្សតអាហារូបករណ៍កម្ពុជាជំនាន់ទី២ផងដែរ។ បន្ទាប់ពីនេះ ក្រុមការងារបានជួបសួរសុខទុក្ខសំណេះសំណាល ឈ្វេងយល់ស្ថានភាពរស់នៅ ស្ដាប់សំណូមពរផ្សេងៗ និងដាក់ចេញនូវដំណោះស្រាយនានា ឱ្យនិស្សិតទាំងពីរជំនាន់សរុបចំនួន១១៤នាក់ ដែលកំពុងសិក្សានៅទីនោះថែមទៀត។
លោក ស សុខា បានបញ្ជាក់ថា ជារួមលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជា ទទួលបាននូវបទពិសោធន៍ជាធាតុចូលជាច្រើន ពាក់ពន្ធ័នឹងអនុវិសយ័អប់រំកាយ និងកីឡា ការគ្រប់គ្រងសន្តិសុខ ដែលផ្ដោតសំខាន់ទៅលើបញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស។ លទ្ធផលគួរជាទីមោទនភាពមួយទៀត អាជ្ញាធរស្រុកលីងពី បានសម្រេចផ្ដល់អាហារូបករណ៍ ថ្នាក់មធ្យមសិក្សាទុតិយភូមិ ដល់សិស្សកម្ពុជា ចំនួន៥០នាក់ថែមទៀត។
ទស្សនកិច្ចសិក្សានេះមានរយៈពេល៥ថ្ងៃទី ដែលក្នុងនោះមានគណៈប្រតិភូពីក្រសួងអប់រំ យុវជន និងកីឡា គណៈប្រតិភូរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ទស្សនកិច្ចសិក្សាប្រព្រឹត្តិទៅដោយរលូន និងជោគជ័យនេះ ស្ថិតក្រោមការងារសម្របសម្រួលគាំទ្រឧបត្ថម្ភរបស់សមាគមពាណិជ្ជកម្មចិនខ្មែរ ប្រចាំខេត្តអានហួយ ប្រទេសចិន ដែលមានលោក លីវ យិន ជាប្រធាន៕