(ភ្នំពេញ)៖ សាលាហ៊្វូតព្រីនអន្តរជាតិ កាលពីថ្ងៃសៅរ៍ទី២ ខែមីនា កន្លងទៅនេះ បានរៀបចំនូវកម្មវិធី «ប្រកួតប្រកបសូរ» វគ្តផ្តាច់ព្រ័ត្រជ្រើសរើស ជ័យលាភីដែលប្រព្រឹត្តទៅនៅសាលពហុបំណង នៃសាលាហ៊្វូតព្រីនអន្តរជាតិ សាខាទួលគោក។
កម្មវិធីប្រកួតប្រកបសូរនេះ មានការចូលរួមគាំទ្រផ្នែកបច្ចេកទេសពីលោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជ្យបណ្ឌិតសភាកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេសកម្មវិធីប្រកួត។
បើតាមការឱ្យដឹងរបស់គណៈគ្រប់គ្រងសាលា, សាលាហ៊្វូតព្រីនអន្តរជាតិ បង្កើតកម្មវិធីប្រកួតប្រកបសូរភាសាខ្មែរនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពការស្តាប់ ការអាន និងការសរសេរ ភាសាខ្មែរឲ្យបានត្រឹមត្រូវ ដល់សិស្សានុសិស្ស ព្រមទាំងបណ្តុះស្មារតីពួកគេឱ្យចេះស្រឡាញ់ ថែរក្សា ការពារនូវភាសាខ្មែរ ដែលជាអត្តសញ្ញាណជាតិរបស់ខ្លួន។
ក្រៅពីនេះ សាលានៅបានអនុវត្តគម្រោងជាច្រើនទៀត សំដៅពង្រឹងបន្ថែមការសិក្សាចំណេះទូទៅភាសាខ្មែរ ក៏ដូចជា សមត្ថភាពភាសាជាតិរបស់សិស្ស ដូចជា កម្មវិធីទិវាអំណានហ្វ៊ូតព្រីន លើកទី១ស្តីអំពីការអានឮៗ នាថ្ងៃទី១១ ខែមីនា ខាងមុខ ដើម្បីចូលរួមគាំទ្រដល់ទិវាអំណានជាតិឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា។ អ្វីដែលជាចំណុចពិសេសរបស់ការប្រកួត គឺមានការចូលរួមពីអាណាព្យាបាលរបស់ សិស្សផ្ទាល់ ជាអនុរក្ស អ្នកកែ និងបូកសរុប ពិន្ទុតែម្តង។
ការប្រកួតនេះចែកជាបីក្រុម គឺក្រុម A មានថ្នាក់ទី២-៣ ក្រុម B មានថ្នាក់ទី៤-៦ និងក្រុម C មានថ្នាក់ទី៧-១១ ហើយបែងចែកជាពីរដំណាក់កាលធំៗ៖
*ដំណាក់កាលទី១៖ ជាការប្រកួតសរសេរពាក្យតាមអាន ដែលធ្វើឡើងតាមថ្នាក់និងតាមសាខានីមួយៗ ដើម្បីជ្រើសរើសអ្នកឈ្នះ៦នាក់ក្នុង១ថ្នាក់ ទៅចូលរួមប្រកួតនៅដំណាក់កាលចុងក្រោយ។
*ដំណាក់កាលចុងក្រោយនេះ បែងចែកជាពីរវគ្គ ដោយវគ្គទី១ ជាវគ្គ ប្រកួតសរសេរពាក្យតាមអាន ដើម្បីរើសយកបេក្ខជនឆ្នើមចំនួន៦នាក់ក្នុងក្រុមនីមួយៗសម្រាប់ទៅប្រកួតនៅវគ្គបញ្ចប់។ ក្នុងវគ្គបញ្ចប់ បេក្ខជនទាំង១៨នាក់(៦នាក់ក្នុងមួយក្រុមៗ)បានធ្វើការប្រកួតប្រកប ពាក្យ ដើម្បីដណ្តើមយកជ័យលាភីលេខ១ម្នាក់ លេខ២ម្នាក់ និងលេខ៣ បួននាក់តាមក្រុមនីមួយៗ។
*ជ័យលាភីរួមមាន៖
*ក្រុម A ពីថ្នាក់ទី២-៣ មានបេក្ខជនចូលរួមចំនួន១៨៧នាក់ ហើយបេក្ខជនដែលទទួលជ័យលាភីលេខ១ ទទួលបានពានរង្វាន់ លិខិតសរសើរ និងបណ្ណប្រាក់៤លាន ៨សែនរៀល សម្រាប់បង់ថ្លៃសិក្សាឆ្នាំ២០១៩-២០២០, លេខ២ ទទួលបានពានរង្វាន់លិខិតសរសើរ និងបណ្ណប្រាក់២លានរៀនសម្រាប់បង់ថ្លៃសិក្សាឆ្នាំ ២០១៩-២០២០ និងលេខ៣ ក្នុងម្នាក់ៗទទួលបានមេដាយ លិខិតសរសើរ និងបណ្ណប្រាក់២០ម៉ឺនរៀល សម្រាប់ជាវសៀវភៅនៅហាងម៉ូនូមែនប៊ុកនិងថយន៍។
*ក្រុម B ពីថ្នាក់ទី៤-៦ មានបេក្ខជនចូលរួមចំនួន១៦៤នាក់ ហើយបេក្ខជនដែលទទួលជ័យលាភីលេខ១ ទទួលបានពានរង្វាន់ លិខិតសរសើរ និងដំណើរទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី។ លេខ២ទទួលបានពានរង្វាន់ លិខិតសរសើរ និងបណ្ណប្រាក់២លានរៀល សម្រាប់ដំណើរទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី និងលេខ៣ក្នុងម្នាក់ៗទទួលបានមេដាយ លិខិតសរសើរ និងបណ្ណប្រាក់២០ម៉ឺនរៀល សម្រាប់ជាវសៀវភៅនៅហាងម៉ូនូមែនប៊ុកនិងថយន៍។
*ក្រុម C ពីថ្នាក់ ទី៧-១១ ដែលមានបេក្ខជនចូលរួមចំនួន១៣៦នាក់ ហើយបេក្ខជនដែលទទួលជ័យលាភី លេខ១ទទួលបានពានរង្វាន់ លិខិតសរសើរ និងដំណើរទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី។ លេខ២ ទទួលបានពានរង្វាន់ លិខិតសរសើរ និងបណ្ណប្រាក់២លានរៀល សម្រាប់ដំណើរទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី និងលេខ៣ក្នុងម្នាក់ៗទទួលបានមេដាយ លិខិតសរសើរ និងបណ្ណប្រាក់២០ម៉ឺនរៀល សម្រាប់ជាវសៀវភៅនៅហាងម៉ូនូមែនប៊ុក និងថយន៍៕