(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា បងប្អូនស្ត្រីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងគ្រួសារ ហើយស្ត្រីក៏ជាអ្នកចូលរួមយ៉ាងសំខាន់ នៅគ្រប់ដំណើរការ នៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្សផងដែរ។
លោក សុខ លូ បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំសំណេះសំណាល ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ពិធីនេះក៏មានការចូលរួមពី លោកស្រីអភិបាលរងខេត្ត ជាថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត បងប្អូននារីៗ ជាភរិយាថ្នាក់ដឹកនាំខេត្ត មន្ទីរ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាង៣០០នាក់ផងដែរ។
ក្នុងកិច្ចស្វាគមន៍នេះដែរ លោកស្រី ស៊ុន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃការអនុវត្តការងារយេនឌ័រ ក្នុងរយៈពេលកន្លងមក និងការអានព្រះរាជសាររបស់សម្តេច ព្រះមហាក្សត្រីនរោត្តម មុនីនាថ ស៊ីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រទានជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩។
លោក សុខ លូ បានថ្លែងថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ ហើយស្ត្រីក៏ជាអ្នកចូលរួមយ៉ាងសំខាន់ នៅគ្រប់ដំណើរការ នៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។ ដោយកត្តាទាំងនេះហើយ ដែល ធ្វើឱ្យបងប្អូនស្ត្រីគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោត របស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង ស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើនឆ្នាំមកនោះ ។
លោកអភិបាលខេត្ត ក៏បានលើកឡើងពីប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណង បន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជម្រុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕