(ភ្នំពេញ)៖ លោក ឡាំ គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ឲ្យដឹងថា បានលើកឡើងពីឧបសគ្គ៣យ៉ាង ដែលសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា (SMEs) មានការប្រឈម និងពិបាកទទួលបានឥណទានពីធនាគារ ដើម្បីយកទៅពង្រីកអាជីវកម្ម។
ឧបសគ្គទី១៖ គឺSMEs ខ្លួនឯងមិនទាន់មានសមត្ថភាពទទួលបានឥណទាន ដោយសារតែមានលក្ខណៈជាគ្រួសារនៅឡើយ ដែលធ្វើតាមទម្លាប់តពីឪពុកម្តាយ ការគ្រប់គ្រងមិនទាន់មានលក្ខណៈស្តង់ដារ, ការរៀបចំបញ្ជីរបាយការណ៍ហិរញ្ញវត្ថុនៅមានកម្រតិ, ខ្វះខាតទ្រព្យធានា និងមិនមានផែនការអាជីវកម្មច្បាស់លាស់។
ឧបសគ្គទី២៖ គឺធនាគារ មានលក្ខខណ្ឌស្មុគស្មាញ សម្រាប់កំណត់ការផ្តល់ឥណទាន ដោយត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ថា តើនៅពេលផ្តល់ឥណទានដល់ SMEs អាចមានប្រាក់សងត្រឡប់ដល់ធនាគារវិញដែរទេ?។ ចំពោះអត្រាការប្រាក់វិញ អាចមានកម្រិតខ្ពស់ និងរយៈពេលនៃការស្នើសុំអាចមានរយៈពេលយូរ ដោយសារតែត្រូវពិនិត្យបច្ច័យច្រើន មុននឹងផ្តល់ឥណទាន។
ឧបសគ្គទី៣៖ គឺយន្តការដើម្បីអនុវត្តន៍ការគាំទ្រដល់ SMEs នៅមានកម្រិតនៅឡើយ ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ បើទោះរាជរដ្ឋាភិបាលមានគោលនយោបាយគ្រប់គ្រាន់រួចហើយក្តី។
លោក ឡាំ គឹមឡេង បញ្ជាក់ថា នៅកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួន៥២ម៉ឺនមូលដ្ឋាន (សហគ្រាស) ចែកចេញជា៤ផ្អែក៖ទី១ ផ្នែកកសិកកម្មមាន ២១ភាគរយ នៃចំនួនសហគ្រាសទាំងអស់, ទី២៖ ផ្នែកឧស្សាហកម្ម ឬកម្មន្តសាល មាន៣០ភាគរយ, ទី៣៖ ផ្នែកធុរកិច្ច ឬពាណិជ្ជកម្ម មាន៤៣ភាគរយ និងទី៤៖ ផ្នែកសេវាកម្ម និងទេសចរណ៍ ដែលមានប្រហែល៧ភាគរយ។ សហគ្រាសធុនតូច និងមធ្យមនេះបានផ្តល់ការងារជូនពលរដ្ឋខ្មែរពី៧០ទៅ ៧២ភាគរយនៃការងារដែលមាននៅកម្ពុជា ដែលស្មើនឹងប្រមាណ៣ ទៅ៣.៥លាននាក់៕