(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ត និងរបាំងថ្មរងការខូចខាតយ៉ាងដំណំ តែសំណាងល្អហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោងជាង២យប់ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនម៉ាក TACOMA ពណ៌សពាក់ស្លាកភ្នំពេញ 2AD-3840 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅចុះពីស្ពានអាកាសស្ទឹងមានជ័យឆ្ពោះទៅតាមវិទ្យាល័យជាស៊ីមសាមគ្គី លុះមកដល់ចំណុចកើតហេតុផ្លូវកោងស្រាប់តែរថយន្ត បើកបរក្នុងល្បឿនលឿនក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរលំចំនួន៣ផ្ទាំង រីឯរថយន្តបោកផ្ទប់នឹងរបាំងថ្មរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់រួចធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕