Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៖ ៥៧% នៃបុគ្គលិកមន្ដ្រីរាជការជាស្ដ្រី ដែលកំពុងបំពេញការងារនៅក្រសួងសុខាភិបាល ដែលជាការចូលរួមចំណែកមិនអាចខ្វះបាន (Video Inside)

04-03-2019 21:51

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ស្ដ្រីបានដើរតួនាទីយ៉ាងសំខាន់ណាស់ ដែលមិនអាចខ្វះបានឡើយក្នុងសង្គម ជាក់ស្ដែងនៅក្រសួងសុខាភិបាល មានបុគ្គលិកជាស្ដ្រីសរុប ៥៧% ដែលបាននឹងកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីជួយជំរុញដល់វិស័យសុខាភិបាលមួយនេះ កាន់តែមានភាពល្អប្រសើរ ។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាស ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» នៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ទិវាអន្ដរជាតិនារី៨មីនា ជាទិវាមួយដែលក្រសួងសុខាភិបាល តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹក ពីការតស៊ូរបស់នារី ដែលជាពលករទូទាំងសកលកលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិស្មើគ្នា រវាងបុរស និងស្ដ្រី ។ម្យ៉ាងទៀត ដើម្បីបញ្ជាក់ពីការចូលរួមរបស់ស្ដ្រី ដែលជាធនធានដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម ក្នុងការចូលរួមចំណែក ឈានទៅអភិវឌ្ឍប្រទេសជាតិ។

ជាពិសេស ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់ខ្លាំង ក្នុងការងារបញ្ជ្រាបយេនឌ័រ លើគ្រប់វិស័យទូទាំងកម្ពុជា ។ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានដាក់ចេញនូវគោលនយោបាយ ចំពោះស្រ្ដីមានផ្ទៃពោះ ជាមន្ដ្រីរាជការ ស៊ីវិល នគរបាល និងយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូន មួយចំនួន ៨០ម៉ឺនរៀល និង៤០ម៉ឺនរៀលចំពោះកម្មករជានារី ព្រមទាំងទទួលបានប្រាក់បៀរត្ស៍ ១០០% ក្នុងអំឡុង ពេល សំរាកលំហែមាតុភាពទៀតផង ។លើសពីនោះ ក៏នឹងមានប្រាក់ឧបត្ថម្ភ សម្រាប់ស្ដ្រីក្រីក្រ ចាប់តាំងពីពេលពរពោះ រហូតដល់ពេលក្រោយសម្រាលផងដែរ។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្ដីសុខាភិបាល បានជំរុញលើកទឹកចិត្ដ និងស្នើដល់ស្ដ្រីៗ ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកនៅក្នុងការបំពេញការងារកាន់តែល្អប្រសើរ ដើម្បីបង្កើននូវភាពសុខុដុមរមនាបន្ថែមទៀត នៅក្នុងស្ថាប័នការងារ៕