(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូស្ដ្រី ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដែលដឹកនាំដោយលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។
ក្នុងឱកាសនោះ សម្តេច សាយ ឈុំ បានគាំទ្រ និងអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ ក្រោមប្រធានបទខាងលើនេះ ដើម្បីជំរុញបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ជាម្តាយ ជាអ្នកដឹកនាំ គ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ នៅក្នុងស្ថាប័នរដ្ឋ ឬឯកជន ប្រកបដោយគុណសម្បត្តិ ល្អប្រសើរ ទទួលបានជោគជ័យគ្រប់កិច្ចការ ក្នុងនាមជាពលរដ្ឋដ៏ល្អប្រសើរ នៃសង្គមជាតិ។
សម្ដេចវិបុលសេនាភក្តី បានវាយតម្លៃខ្ពស់ លើប្រធានបទដ៏សំខាន់នេះ ដែលបានលើកឡើងស្របតាមបរិការណ៍របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលនៃកម្ពុជា បានខិតខំប្រឹងប្រែងដាក់ចេញជាសកម្មភាព គន្លឹះ ក្នុងការអនុវត្ត គោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តោតសំខាន់ទៅលើ ការលើកកម្ពស់សីលធម៌ គុណធម៌ និងផ្តល់តម្លៃដល់ស្រ្តីកម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា តាមរយៈការដាក់ចេញគោលនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការ បង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាព ឯកភាពជាតិ និងសន្តិសុខសង្គម។ ទាំងអស់នេះ បានបង្កលក្ខណៈងាយស្រួល ដល់ប្រទេសកម្ពុជា ទទួលបានមុខមាត់ថ្មី ប្រកបដោយភាពរឹងមាំ និងសុខសន្តិភាពពេញលេញទូទាំងប្រទេស។
សម្តេច សាយ ឈុំ បានបន្ថែមទៀតថា ប្រទេសជាតិ មានការរីកចម្រើនជឿនលឿនជាលំដាប់ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រជាជនកម្ពុជា បាននិងកំពុងទទួលផ្លែផ្កា ពីសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលអត្រានៃភាពក្រីក្រ ត្រូវបានកាត់បន្ថយ គួរជាទីកត់សម្គាល់។
សម្តេចបានលើកឡើងថា ប្រធានបទខាងលើនេះ មានគោលបំណង បន្តអនុវត្តគោលនយោបាយសមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យសម្រាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាព រួមក្នុងការ សម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ប្រព័ន្ធគាំពារ សង្គម និងការពង្រីកសំណាញ់សុវត្ថិភាពសង្គម ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការការពារសិទ្ធិស្រី្ត ការពង្រឹង អំណាចដល់ស្ត្រី ក្មេងស្រី និងលើកកម្ពស់សមភាពយេនឌ័រ៕